Saturday, September 10, 2011

ឧបសគ្គ

ឧបសគ្គ

នៅក្នុងវចនានុក្រមខ្មែរ ទំព័រទី១៨០៧ បញ្ជាក់ថា “ព.វ. ឈ្មោះសព្ទពួកមួយ សម្រាប់​ប្រើ​ចំពោះ​តែ​ជា​បុព្វ​បទ​រៀងភ្ជាប់​ពី​ខាង​ដើម​នាមមសព្ទ និងកិរិយាសព្ទតាមគួរដល់ការប្រកប,​ដូច​​​ជា អតិ , អនុ, អភិ ជា​ដើម​..​.”​។ ឧបសគ្គទាំងនេះគ្មានក្នុងភាសាខ្មែរទេ វា​មាន​​​ប្រភព​មក​ពី​ ភា​សា​សំស្រ្កឹត-បាលី។ នៅក្នុងភាសាសំស្រ្កឹត-បាលី​មានឧបសគ្គចំនួន ២០ ៖

-       អតិ កន្លង, ក្រៃ, ក្រៃពេក, ពេក...។
-       អធិ ក្រៃលែង, ក្រៃពេក, លើសលប់, លើសលែង, សង្កត់...។
-       អនុ តាម, តូច, បន្ទាប់, រង,​ ក្រោយ, បណ្ដោយ, លំដាប់...។
-       អប ប្រាស,​គេច,​ ជៀស...។
-       អបិ ឬបិ ជិត, ខាងលើ...។
-       អភិ ក្រៃពេក,​ ធំ,​​ ចំពោះ, ឆ្ពោះ, ខាងមុខ...។
-       អវ ឬឱ ចុះ, ចុះក្រោម, ទាប,​ ស្រេច...។
-       អា ទួទៅ, សព្វ, ក្រៃលែង...។
-       ឧ ឡើង, ខ្ពស់, ក្រៅ...។
-       ឧប ជិត, ចូល, ចូលទៅជិត,​ មាំ, ស៊ប់...។
-       ទុ អាក្រក់, ក្រ, កម្រ, លំបាក(ពិបាក)...។(សំ.​ ទុស៑ ឬទុហ៑) 
-       និ ចេញ, មិនសល់, មិនមាន, ឥត...។(សំ. និស៑ ឬនិហ៑) 
-       នី ចេញ, ចូល​, ចុះ...។
-       ប ទួទៅ,​​​ ខាងមុខ, ចេញ, មុន...។(សំ. ប្រ)
-       បដិ ឬបតិ ចំពោះ, តប, ត, ប្រាស, ត្រឡប់...។(សំ.ប្រតិ)
-       បរា ខាងមុខ...។
-       បរិ ជុំ, ជុំវិញ, គ្រប់គ្រាន់, ស្រេច...។
-       វិ ផ្សេង, ប្លែក, ច្បាស់, ជាក់, ប្រាកដ...។
-       សំ ព្រម, ជាមួយ, ល្អ, ប្រពៃ...។
-       សុ ងាយ,​ ស្រួល, ស្រណុក, ល្អ, ប្រពៃ, ណាស់, ម្ល៉េះ, អ្វីម្ល៉េះ...។

ឧបសគ្គ “អតិ”
-       អតិកល្យាណ មានលម្អក្រៃពេក (បើស្ត្រីជា​​ អតិកល្យាណី)។
-       អតិចរិយា ការប្រព្រឹត្តកន្លង,​ ការផិតក្បត់ចិត្តស្វាមី ឬក្បត់ចិត្តភរិយា។
-       អតិចារិនី ស្រីផិតប្តី។
-       អតិជាតិបុត្ត(-បុត្រ) កូនប្រសើរកន្លង។
-       អតិទេព ទេវតាសក្តិធំ។
-       អតិបរមា កម្រិតយ៉ាងច្រើន, យ៉ាងខ្ពស់, យ៉ាងឆ្ងាយបំផុត, យ៉ាងច្រើនបំផុត...។
-       អតិសុខុមទស្សន៍ ប្រដាប់សម្រាប់ឆ្លុះមើលនូវអតិសុខុមប្រាណ។
-       អតិសុខុមប្រាណ សត្វមានជីវិតយ៉ាងតូចល្អិតជាទីបំផុត ដែលគេអាចមើលឃើញ​បានតែដោយសារអតិសុខុមទស្សន៍។
-       អតិសុខុមសាស្ត្រ វិទ្យាសាស្ត្រផ្នែកខាងការសិក្សាពីអតិសុខុមប្រាណ។
-       អតិសុខុមាល  ដែលធ្លាប់តែស្រណុកក្រៃពេក។

ឧសគ្គ “អធិ”
-       អធិការ ការបំពេញកុសលដ៏ក្រៃលែង (មហាបរិច្ចាគ), អំណាច, សិទ្ធិ ឬសិទ្ធភាព​, ការ​គ្រប់​គ្រង​, ការបង្គាប់បញ្ជា, បញ្ជាការ...។
-       អធិរាជ ព្រះរាជាជាចម្បងជាងព្រះរាជាទាំងឡាយក្នុងប្រទេសជិតខាង, មហារាជ​បើស្ត្រីជា អធិរាជិនី។
-       អធិបតី អ្នកដែលជាធំ, ដែលជាធំបំផុត, ប្រសើរបំផុត។
-       អធិគុណ ដែលមានគុណលើសលុប ឬច្រើនក្រៃលែង។
-       អធិសីល សីលយ៉ាងខ្ពស់។

ឧបសគ្គ “អនុ”
-       អនុក្រម លំដាប់, របៀបតាមលំដាប់, លំដាប់មានរបៀប។
-       អនុគណ គណៈបន្ទាប់​, គណៈរង, គណៈតូច។
-       អនុគ្រោះ ការជួយទំនុកបម្រុង, ករុណា, ទំនុកបម្រុង, អាណិត។
-       អនុជាតិបុត្ត(-បុត្រ) បុត្រដែលមានចរិយាធម៌ល្អតាមបែបបទរបស់មាតា​បិតា​បើស្ត្រីជា​​ អនុជាតិ​បុត្តី​(-បុត្រី)។
-       អនុត្ថេរ ថេរៈបន្ទាប់, ថេរៈតូច។
-       អនុបាល តាមរក្សា, បីបាច់រក្សា, អ្នកបីបាច់រក្សា។
-       អនុព័ន្ធ ការជាប់តាម, ដំណើរតាមប្រកិត។
-       អនុរក្ស ឬអនុរក្ខ រក្សារឿយៗ, បីបាច់រក្សា, ថែទាំ, ការរក្សារឿយៗ, ការរំពៃ, ការ​គយ​ឃ្លាំ​មើល​, ជនអ្នកថែទាំមើលការខុសត្រូវ, អ្នកគយគន់រំពៃ។
-       អនុសេនីយ៍ត្រី ឋានន្តរសក្ដិនាយទាហានបន្ទាប់ពីអនុសេនីយ៍ទោ(សក្តិ១)។

ពាក្យសព្ទ “អនុ”​នេះមានប្រើជាច្រើនទៀត ដូចមានកាព្យខាងក្រោមបញ្ជាក់ស្រាប់៖
-       អនុសព្ទនេះ               អស់លោកអ្នកចេះ              តន្តីភាសា
    អាចផ្សំជាមួយ-           នឹងសព្ទនានា                    ឲ្យច្រើនមហិមា
ជាងនេះទៀតបាន។
-       ជាបុព្វបទ                  អ្នកប្រាជ្ញកំណត់                តាមដោយលំអាន
     ពាក្យដែលគួរផ្សំ           ច្រើនទៀតនៅមាន           អ្នករៀនចូរមាន
ផ្សំចុះតាមគួរ។(វចនានុក្រមខ្មែរ)

ឧបសគ្គ “អប”
-       អបករណ៍ ដំណើរប្រាសចាកអំពើ គឺការប្រព្រឹត្តមិនល្អ,​ ការឥតតម្លៃ, អំពើមិន​ប្រសើរ, ការ​ធ្វើ​ខុស​, កំហុស។
-       អបគមន៍ សេចក្តីព្រាត់ប្រាសគ្នា​, ការបែកចេញពីគ្នា។
-       អបច្ឆាយ ដែលមិនមានស្រមោល, ដែលឥតម្លប់។
-       អបទេវតារ បិសាច។
-       អបធន អបទ្រព្យ, អ្នកទ័លក្រ, អ្នកកម្សត់, ទុគ៌ត។
-       អបមង្គល គឺដែលឥតមង្គល, ឥតសេចក្តីចម្រើន, ដែលមិនសមភ្នែកអ្នកផង,​ដែលត្រូវចង្រៃរួបរឹត​,​ សេចក្ដីមិនចម្រើន, ហេតុដែលនាំឲ្យវិនាស។
-       អបយស ដែលប្រាសចាកយស គឺដែលខូចឈ្មោះ, ដែលឥតគេរាប់, ដែលអាប់មុខ។
-       អបលក្ខណ៍ឬអបលក្សណ៍ ដែលប្រាសចាកលក្ខណល្អ គឺដែលឥតលក្ខណ៍​, ហិនលក្ខណ៍, ខាតលក្ខណ៍, ឥតបុណ្យ, សំណាងអាក្រក់, ឥតតម្លែ, ថោកទាប។
-       អបសក្តិ ដែលឥតសក្តិ(ឥតអំណាច)

ឧបសគ្គ “អភិ”
-       អភិបូជា បូជាចំពោះ, ការថ្វាយ​ ឬជូនគ្រឿងសក្ការៈដោយគោរព។
-       អភិយោគ ការព្យាយាមខ្លាំង, ការប្រឹងពេញកម្លាំង។
-       អភិរក្ខ ឬអភិរក្ស រក្សាដោយប្រយត្ន, ការរក្សាដោប្រយត្ន។
-       អភិរូប មានរូបល្អ, មានលម្អ បើស្រ្តីជាអភិរូបា។
-       អភិសិទ្ធ សេចក្ដីសម្រេចសព្វគ្រប់ ឬដាច់ខាត។
-       អភិហារ ការដណ្ដើម ឬការឆក់យកឥវ៉ាន់, ការតស៊ូពេញកម្លាំង។
-       អភិបាល អ្នកគ្រប់គ្រង, អ្នកបីបាច់ថែរក្សា, អ្នកថែរក្សា, ការគ្រប់គ្រង..​..
-       អភិវឌ្ឍន៍ សេចក្តីចម្រើនក្រៃលែង។

ឧបសគ្គ “អវ ឬឱ”
-       អវតារ ដំណើរឆ្លងចុះ, ចុតិនៃទេវតារ,​ការចុះចាកឋានសួគ៌មកចាប់កំណើតជា​មនុស្ស, ការបែង​ភាគ​មកពីកើតនៃវិស្ណុ។
-       អវកាស​ ឬឱកាស ទីទំនេរ, ចន្លោះ, វេលា, សេចក្ដីអនុញ្ញាត្តឲ្យ។
-       អវសាន ឬឱសាន ទីបំផុត, ទីចប់, ចុងក្រោយ...។
-       ឱវាទ (បា.អវ>ឱ,សំ.អវវាទ) ដំបូន្មាន, អនុសាសន៍។
-       អវមង្គល (អពមង្គល) សេចក្តីមិនចម្រើន, ហេតុដែលនាំឲ្យវិនាស, ឲ្យអាប់ឱន។

ឧបសគ្គ “អា”
-  អាការ  គ្រឿងសម្គាល់, សឮលក្ខណៈជាគ្រឿងសម្គាល់។
អាគមន ដំណើរមក។
អាគតសញ្ញា សញ្ញានាំមក(<)។
អាគន្តុក អ្នកដែលទើបមកដល់ថ្មី។
-  អាឃោសន ការប្រកាសឲ្យឮសាយសុស, ការស្រែកប្រកាសឮខ្លាំងៗ។
-  អាជ្ញា អំណាច, ការគ្រប់គ្រង, ការបង្គាប់បញ្ជា...។

ឧបសគ្គ “ឧប”
-       ឧបករណ៍ សេចក្ដីទំនុកបម្រុង...។
-       ឧបការី អ្នកទំនុកបម្រុង...។
-       ឧបកិច្ច កិច្ចដែលត្រូវធ្វើភ្លាមៗ, កិច្ចផ្ទាល់ខ្លួន។
-       ឧបចារ ការចូលជិត, ទីជិត,...។
-       ឧបទិស ទិសកណ្ដាល គឺភាគកណ្តាលនៃទិសទាំង៨។
-       ឧបនាយក នាយកបន្ទាប់ ឬនាយករងពីមហានាយក ឬក៏អធិបតី។
-       ឧបនាយករដ្ឋមន្ត្រី អ្នកនៅជិតនាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីរង។
-       ឧបភោគ គ្រឿងសម្រាប់ប្រើប្រាស់ជិតខ្លួន។
-       ឧបមាតា ស្ត្រីជាមាតាចិញ្ចឹមរក្សា(ដូចម្តាយ)។
-       ឧបយុវរាជ ក្សត្រិយ៍ដែលកំពុងទ្រង់ព្រះយៅវ៍(ក្សត្រិយ៍កំលោះ)ដែលមានឋានៈ​ជាឧបរាជទី១ ឬ​ឧប​រា​ជស្ដាំ។

ឧបសគ្គ “ទុ”
-       ទុក្កដ(សំ.ទុស្រ្កឹត) អំពើអាក្រក់, បាប។
-       ទុច្ចរិត (សំ.ទុឝ្ចរិត) ដំណើរប្រព្រឹត្តអាក្រក់ដោយកាយ,​ វាចា,​ ចិត្ត។
-       ទុគ៌ត (បា.ទុគ្គត) ដែលដល់នូវសេចក្តីលំបាក គឺដែលទ័លក្រ, ដេលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ។
-       ទុច្ឆន្ទៈ ឆន្ទៈអាក្រក់, បំណង ឬគំនិតអាក្រក់។
-       ទុជ៌ន (បា.ទុជ្ជន) ជនអាក្រក់, ជនចិត្តអាក្រក់(មនុស្សចិត្តអាក្រក់)។
-       ទុព្ភាសិត (ទុភ៌ាសិត) សម្ដីអាក្រក់, ពាក្យគំរោះគំរើយ។
-       ទុយ៌ស(សំ.) ដំណើរខូចយស, ថ្លោះធ្លាក់យស។
-       ទុរ្ភិក្ស​(បា. ទុព្ភិក្ខ) ដមណើរក្របាយ, ដំណើរអត់បាយ ឬអត់ឃ្លាន។

ឧបសគ្គ “និ”
-       និព្វាន (សំ.និវ៌ាណ) ឈ្មោះធម្មជាតិ ឬចិត្តដែលចេញផុតស្រឡះចាកវានៈ គឺ​ឥត​មានតណ្ហា​ដែល​ចាក់​​ស្រេះទាក់ឆ្វាក់រួបរឹត...,ឋាននិព្វាន។
-       និប្បរិយាយ(សំ. និស្បយ៌ាយ)សេចក្ដីអធិប្បាយដោយត្រង់មិនផ្សែផ្សំ, សេចក្ដី​ពន្យល់​គ្រប់​គ្រាន់​។
-       និរន្តរ៍ (បា.) ដែលឥតចន្លោះ, ជានិច្ច,​ ឥតស្រាក, ឥតឈប់...។
-       និរន្តរាយ (បា.) ការមិនមានអន្តរាយ, ដំណើរដែលគ្មានគ្រោះថ្នាក់។
-       និរ​គុណ (សំ.,បា. និគ្គុណ) ដែលឥតគុណប្រយោជន៍។
-       និរ​ទុក្ខ (សំ. និទ៌ុះខ, បា. និទ្ទុក្ខ) ដែលឥតទុក្ខ, ឥតព្រួយ។
-       និរ​ទោស (សំ., បា. និទ្ទោស) ដែលឥតទោស, ដែលគ្មានកំហុស។
-       និរ​ភ័យ (សំ., បា.​ និព្ភយ) ដែលឥតភ័យ, ឥតខ្លាច។
-       និម្មិត (បា. , សំ. និម៌ិត) បង្កើតដោយឫទ្ធិ, កាឡាខ្លួន,​ ដំណែងខ្លួន។

ឧបសគ្គ “នី”
-       នីហរណ​កម្ម (បា.) ការនាំចេញ, ការដឹកនាំទំនិញទៅលក់ឯប្រទេសក្រៅ។
-       នីហរ័ណ (បា.) ការនាំទៅ, ការដឹកនាំចេញ...។

ឧបសគ្គ “ប”
-       បញ្ញា (បា., ប្រជ្ញា) សេចក្ដីដឹងទូទៅ, សេចក្ដីដឹងកើតអំពីការរៀន,​ ស្ដាប់, គិត, សូរ, ការដឹង​ច្បាស់​នូវសេចក្ដីពិត។
-       ប្រការ​ (សំ.,បា.​ បការ)​ ប្រភេទ, វិធី, បែប, ទំនង, សេចក្ដីដោយឡែក...។


ឧបសគ្គ “បដិ, បតិ ឬប្រតិ”
-       បដិ ឬបតិៈ ចំពោះ, តប, ត, ប្រាស, ត្រឡប់...។(សំ.ប្រតិ)
-       បដិកម្ម (បា., សំ. ប្រតិកម្ម) អំពើប្រឆាំង, អំពើតទប់, អំពើតតបត្រឡប់​មក​រក​វិញ​, ការរក​រឿង​ហេតុ​តបតមកវិញ។
-       បដិការ (បា.,​ សំ. ប្រតិការ) ការតបវិញ, អំពើតបតវិញ, ដំណើរធ្វើកិច្ចតប​ស្នង​​គុណ​, ការត​ប​ស្នង​សងគុណ។
-       បដិកូល (បា.,​​​សំ.ប្រតិកូល) ដែលផ្ទុយគ្នា, ដែលជាទំនាស់នឹងគ្នា, ដែល​ខុស​គ្នា​...។
-       បដិគ្គាហក (បា., សំ. ប្រតិគ្រាហក) អ្នកទទួលយកទាន(ស្មូម)។
-       ប្រតិជ្ញា (សំ.,បា. បដិញ្ញា) ការកំណត់ពាក្យសម្តីឲ្យដឹងគ្នា​ទៅវិញទៅមក​ដោយ​ប្រាកដ​ប្រជា, ការ​បត់​គ្នា, ខសន្យាគ្នា។
-       បដិលោម(បា.,សំ.ប្រតិលោម)ដែលច្រាសឡើងវិញ, ដំណើរច្រាសមកវិញ, ដំណើរ​ទទឹង​ទាស់​។
-       បដិវត្ត (បា.) ប្រព្រឹត្តប្រឆាំង, បង្វិលត្រឡប់, ប្រែប្រួល, កែប្រែ, ផ្លាស់ប្តូរ។

ឧបសគ្គ “បរា”
-       បរាជ័យ ការចាញ់, ដំណើរចាញ់គេ។
-       បរាភព សេចក្ដីវិនាស, សេចក្ដីហិនហោច​។ បរាភវសូត្រ(​-សូត្ត)
-       បរាមុខ បង្អាប់មុខ, ធ្វើឲ្យអាប់មុខ, អាប់មុខអាប់កេរ្តិ៍ឈ្មោះ។

ឧបសគ្គ​ “បរិ”
-       បរិជន ជននៅជិតខាង, បរិពារ, អ្នកនៅភូមិផងរបងជាមួយ,​បរិស័ទ, គ្នីគ្នា។
-       បរិច្ចាគ ការលះ, ការលះទ្រព្យ, ការចំណាយទ្រព្យធ្វើទាន ឬធ្វើអ្វីមួយឲ្យ​មាន​ប្រយោជន៍​ក្នុង​ស្រុក ក្នុងនគរ។
-       បរិមណ្ឌល វង់មូល, អ្វីៗដែលមានសំណុំមូល។
-       បរិវារ អ្នកចោមរោមកំដរ, អ្នកហែហមជាកិត្តិយស, អ្នកត្រៀមខ្លួនរង់ចាំបម្រើ។
-       បរិវេណ ទីជិតខាងដែលព័ទ្ធជុំវិញ, រោងថែវដែលព័ទ្ធជុំវិញប្រាសាទ ​ឬគ្រឹហាជា​ដើម។
-       បរិសុទ្ធិ សេចក្ដីស្អាត, ដំណើរឥតហ្មង, ឥតមោះមៃ។

ឧបសគ្គ “វិ”
-       វិការ ការធ្វើប្លែកចាកប្រក្រតីដើម, ការផ្លាស់ប្រែ, ការផ្លាស់រូប, ផ្លាស់ទំនង។
-       វិកាល ខុសកាល។
-       វិក្រម (វិក្កម) ការឈានទៅ, ជំហាន, ដំណើរបោះជំហានទៅ, ការដើរ, ការទៅ,​ការដើរ, ការ​ទៅ​, ការកម្រើកឃ្លាតចាកទី, ផ្លូវ, បែបយ៉ាង។
-       វិចល ដែលកម្រើក, កក្រើក, ឃ្លាតចាកទី, ដែលញាប់ញ័រ, ​ចំប្រប់,​រន្ធត់។
-       វិចិន្តា ការនឹកឃើញផ្សេងៗ, ការនឹកផ្ដេសផ្ដាស, សេចក្តីរវើរវាយចិត្ត, សេចក្តី​អផ្សុក។
-       វិជយ ការឈ្នះវិសេស, ដំណើរឈ្នះស្រេចបាច់(ពិជ័យ)។
-       វិនយ ការដឹកនាំទៅរកផ្លូវល្អ, ច្បាប់...។
-       វិនាយក អ្នកនាំវិសេស គឺអ្នកដឹកនាំគេឲ្យប្រព្រឹត្តល្អ, អ្នកប្រាប់ផ្លូវខុសត្រូវ។

ឧបសគ្គ “សំ”
-       សង្គម ការជួបជុំគ្នា, ការប្រជុំគ្នា, ការរាប់រកគ្នា, ការប្រមូលរួបរួមផ្ដុំមនុស្សឬសត្វ។
-       សំច័យ សន្សំទុកខ្លះបម្រុងការ, ប្រើការក្បិតក្បៀតការពារសេចក្ដីខ្វះខាត...។
-       សំយោគ ការប្រកប, ការផ្សំ, ការរួបរួម,​ ការទាក់ទងជាមួយ, ការនៅរួមគ្នា។
-       សំរឹទ្ធ សេចក្តីសម្រេច, សេចក្តីចម្រើន, ការលូតលាស់, ដុះដាល, ផលសម្រេច។
-       សមាគម ការមកជួបជុំ, ការប្រជុំ, ការរួមគំនិត, ដំណើររួបរួមកិច្ចការជាមួយគ្នា។
-       សមាចារ មារយាទល្អ, មារយាទត្រឹមត្រូវ, រៀបរយ...។
-       សមាទាន ការកាន់ដោយប្រពៃ, ការទទួលកាន់តាម, ការបញ្ជេញវាចាប្តេជ្ញា​ទទួល​កាន់តាម។

ឧបសគ្គ “សុ”
-       សុក្រឹត ដែលគេធ្វើហើយដោយល្អ, ដែលល្អឥតខ្ចោះ, ឥតទាស់ភ្នែក។
-       សុគត ទៅហើយដោយស្រួលឬដោយប្រពៃ។
-       សុគតិ ដំណើរល្អ, ការទៅដោយល្អ(ចំពោះអ្នកស្លាប់កើត), ការប្រព្រឹត្តត្រូវផ្លូវ។
-       សុចរិត ការប្រព្រឹត្តល្អ។
-       សុជន ជនល្អ, មនុស្សអ្នកប្រព្រឹត្តល្អ, អ្នកកាន់កាន់ត្រឹមត្រូវ, មនុស្សចិត្តល្អ។
-       សុជាត ដែលកើតល្អ,​ ដែលដុះល្អ, ដែលលូតលាស់ល្អ។
-       សុផល ផលល្អ, ផ្លែល្អ។
-       សុវណ្ណ មាស។

ឯកសារយោង
-កច្ចាយនូបត្ថម្ភកៈ
-វេយ្យាករណ៍សំស្ក្រឹត
-វចនានុក្រមខ្មែរ

                 ​​   ផ្ទះជួលរាធានីភ្នំពេញ, រាត្រីម៉ោង១០និង១២នាទី, ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០០៩

                                                                                                    ហ៊ុន ឈុនតេង

No comments:

Post a Comment