Saturday, September 10, 2011

រឿង មហាជនកជាតក


រឿង​ មហាជនក
(មហាជនកជាតកទី ២)
ព្រះពុទ្ធបរមសាស្ដ្រាចារ្យ កាលនៅគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវមហាភិនិក្ខមន​បារមី​​(នេក្ខមបារមី) ទ្រង់​សម្ដែង​​ព្រះធម្មទេសនាថាកាយំ មជ្ឈេ សមុទ្ទស្មឹដូច្នេះជាដើម។
សេចក្ដីថា ៖ ថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយសរសើរមហាភិនិស្ក្រមណ៍នៃព្រះតថាគត​ក្នុងធម្មសភា។ ព្រះបរម​សាស្តា​ទ្រង់បុច្ឆាថា ៖ ម្នាលភិក្ខុទាំងឡាយ អ្នកប្រជុំនិយាយនូវរឿងអ្វី?​ភិក្ខុទាំងឡាយក្រាប​បង្គំ​ទូល​តាម​ដំណើ​រ​សេចក្ដី។ ទើបព្រះជិនស្រីទ្រង់មានព្រះពុទ្ធដីកាថា៖ មិន​តែឥឡូវនេះទេ ពីដើមដែលតថាគតជាពោធិសត្វក៏ចេញសាង មហាភិនិស្ក្រមណ៍យ៉ាងនេះ​ដែរ។ ព្រះសាស្ដាដែលភិក្ខុទាំងឡាយអារាធនា ក៏ទ្រង់សម្ដែងអតីតនិទានដូចតទៅនេះ ៖ អតី​តេ ភិក្ខវេ វិទេហរដ្ឋេ​ មិថិលាយំ មហាជនកោ នាម រាជា រដ្ឋំ ការេសិ ម្នាលភិក្ខុ​ទាំង​ឡាយ​ក្នុង កាល​កន្លង​ទៅ​ហើយ ព្រះរាជាព្រះនាមមហាជនកសោយរាជក្នុងនគរមិថិលា​ដែន​វិ​ទេ​ហ​រាស្ដ្រ​ទ្រង់​មានព្រះរាជបុត្រ២ព្រះអង្គ ព្រះ​នាម អរិដ្ឋជនក១ បោលជនក១។ ទ្រង់​ព្រះ​រាជ​ប្រ​ទាន​ឋានៈ​ជាឧបរាជដល់ព្រះអរិដ្ឋជនក, ឋានៈសេនាបតីដល់ព្រះ​បោលជន។ ចំណេរកាល​មក​ខាង​ក្រោយ កាលព្រះមហាជនកទ្រង់សោយព្រះទីវង្គតទៅ ព្រះអរិដ្ឋជនកជាព្រះមហា​ឧប​រាជ​​បាន​សោយ​រាជ្យ ទ្រង់ព្រះរាជទាននាទីឧបរាជដល់ព្រះបោលជនក។ អាមាត្រម្នាក់ញុះញង់​ព្រះ​មហា​ក្សត្រ​ឲ្យចាប់​ព្រះបោលជនកដាក់ច្រវាក់ឃុំទុកផ្ទះមួយជិតព្រះរាជនិវេសន៍។ ព្រះ​បោ​ល​ជន​​ក​​ដោះច្រវាក់ ហើយបើកទ្វាបាន ចេញ​ទៅគង់នៅឯស្រុកបច្ចន្តគ្រាមមួយ​ មានមនុស្សចុះ​ចូល​​ជាច្រើន ប្រជុំជាកងទ័ពឡោមព័ទ្ធចាប់ព្រះអរិដ្ឋជនក​ធ្វើ​គតទៅ ហើយបានសោយរាជត​មក។
គ្រាចម្បាំង ព្រះទេវីរបស់ព្រះអរិដ្ឋជនក ទ្រង់គ័ភ៌គ្រប់ខែ ជ្រាបថាព្រះស្វាមីសុគត ក៏​យក​មាសប្រាក់ និង​វត្ថុ​មាន​តម្លៃ​ដាក់ក្នុងបាតកញ្ជើគ្របសំពត់ដាក់អង្ករពីលើ ក្លែងព្រះអង្គជា​ស្រីកំសត់ទូលកញ្ជើរត់ទៅតាមទ្វារខាងជើង បាន​ជួប​នឹង​ព្រះ​ឥន្ទដែលនិមិ្មតជាព្រាហ្មណ៍ចាស់​បរទេះបញ្ជិះនាំទៅដល់នគរកាលចម្បាក ទៅនៅ​សំណាក់​អាស្រ័យ​នា​ផ្ទះ​អាចារ្យ​ទិសាបាមោក្ខ​នាមឧទ្ទិច្ចព្រាហ្មណ៍។ មិនយូរប៉ុន្មាន ព្រះនាងក៏ប្រសូតព្រះរាជបុត្រ, ព្រះនាងព្រះរាជប្រទាន​ព្រះ​នាម​ថា “មហាជនក” ដូចព្រះនាមព្រះរាជអយ្យកោ។
ព្រះមហាជ​នកបរមពោធិសត្វ ចម្រើនវ័យឡើងជាមនុស្សថ្លើងឡើងចាង ក្អេងក្អាងឥត​ខ្លាចក្មេងណា ដោយ​សារ​កើតក្នុងខត្តិយត្រកូល ហើយនៅក្នុងគ្រួសារដែលគេគោរព ត្រូវក្មេង​ឯទៀតស្អប់ គេជេរថា “អាកូនឥតឪ” ក៏ជា​អុក​ជាទុក្ខ កន្ទក់កន្ទេញទទូចសួរព្រះមាតា ត្រាតែ​បានជ្រាបនូវប្រវត្តិដើមរបស់ព្រះអង្គ ហើយខំផ្ចង់ស្មារតីដើម្បី​គោរព​ប្រតិបត្តិ​មាតា ព្រមទាំង​លោកគ្រូអាចារ្យ ខំសិក្សារហូតចេះចប់ត្រៃវេទ ក្នុងរវាងព្រះជន្ម១៦ឆ្នាំ ទើបបានក្រាបថ្វាយបង្គំ​ទូល​​ព្រះ​មាតាថា   ទូលព្រះបង្គំនឹងទៅតយករាជសម្បិត្តឯនគរមិថិលា,    បើព្រះមាតាគ្មាន​ទ្រព្យ​​ខ្លឹមសារទេ, ទូលព្រះ​បង្គំ​នឹងទៅធ្វើជំនួញសន្សំទ្រព្យសិន ដើម្បីចងពួក នឹងទៅយករាជ​សម្បត្តិនោះ។ ព្រះមាតាប្រាប់ថាៈ មានវត្ថុ​៣មុខ​ជា​ខ្លឹម​​សារ គឺកែវមណី១ កែវមុក្តា១ កែវវជីវ១​។
    ព្រះពោធិសត្វ សុំយកវត្ថុទាំងនោះពាក់កណ្ដាល ថ្វាយបង្គំលាព្រះមាតា និងអាចារ្យ   ទិ​សា​បាមោក្ខ ចុះសំពៅ​សំដៅ​ទៅ​ប្រទេសសុវណ្ណភូមិ ជាមួយនឹងពាណិជ ៧រយនាក់ ធ្វើជំនួញ​បានប្រាក់ដ៏ច្រើន នាំមកថ្វាយព្រះមាតា ជូន​លោក​ អាចារ្យ ហើយត្រឡប់ទៅប្រទេសសុវណ្ណ​ភូមិវិញ តាមផ្លូវសមុទ្ទ។ 
  ថ្ងៃនោះឯងជួនជាព្រះបាទបោលជនក ឯនគរមិថិលា ទ្រង់ប្រឈួនផ្ទំជាប់លើព្រះ​ស-យ​នា។ គ្រាដែល​ព្រះ​ពោធិសត្វ​ចុះ​សំពៅទៅបាន៧ថ្ងៃ សំពៅក៏ធ្លាយក្នុងមហាសមុទ្ទ។ មហា​ជនភិតភ័យរន្ធត់ យំស្រែកសំបូងសង្រូងរកទេវតា​ឲ្យ​ជួយ​គ្រប់ៗគ្នា។ ចំណែខាងពោធិសត្វមិន​ដូច្នេះ​ទេ បែរជាលាយស្ករនឹងទឹកដោះគោសោយ ហើយជ្រលក់សំពត់ដោយប្រេង ស្លៀក​យ៉ាង​ខ្ជាប់​ទៅឡើងដងក្ដោង។ មហាជនប្រុសស្រី បានជាចំណីត្រី និងអណ្ដើក។ ទឹកជុំវិញសំ​ពៅ​ក្លាយ​ទៅជាពណ៌ក្រហម ដោយសារឈាម។
 ព្រះពោធិសត្វ ឈរលើចុងក្ដោង ឆ្ពោះព្រះភក្ដ្រទៅនគរមិថិលា ហើយក៏លោតផ្លោងរំល​ងពួកត្រី និង​អណ្ដើក​ហែល​ទៅ។ ថ្ងៃនោះ ត្រូវលើថ្ងៃដែលព្រះបាទបោលជនកទ្រង់សុគត។ ព្រះពោធិសត្វ ដូចជាកំណាត់ដើមចេកមាសអណ្ដែតលើរមូរនៃរលកទឹកសមុទ្ទមានព័ណ៌ដូច​កែវ​​មណី ខំឆ្លងមហាជលធីដោយកម្លាំងដើមដៃទាំងពីរ កាត់ទីដែលត្រូវឆ្លងអស់វេលា៧ថ្ងៃ ដោយ​ដោយព្រះទ័យថា នឹងឲ្យដល់ក្នុងថ្ងៃនេះ។ ក្នុងថ្ងៃគម្រប់៧ ទ្រង់ជ្រាបថា “ឥឡូវនេះជាថ្ងៃ​ពេញបូណ៌មី” ទើបទ្រង់ខ្ពុរព្រះឱស្ឋដោយទឹកប្រៃ អធិដ្ឋានសីលឧបោសថ[1]​ ។
             គ្រានោះ នាងទេពធីតា ឈ្មោះមណីមេខលា ដែលព្រះចតុលោកបាលទាំង ៤ ឲ្យរក្សា​​
មហាសមុទ្ទ ដើម្បីកុំឲ្យមនុស្សសត្វ អ្នកគោរពប្រតិបត្តិមាតាបិតា គ្រូអាចារ្យ លិចស្លាប់ក្នុងមហា​សមុទ្ទបាន។ នាងធ្វេស​ស្មារតី​ខានត្រួតមើលសមុទ្ទអស់៧ថ្ងៃ ស្រាបតែថ្ងៃជាគម្រប់៧នៃការ​លង់ទឹករបស់ពោធិសត្វ ទើបនាងបានដឹង ក៏ប្រឹង​ស្ទុះ​ម្នីម្នា ដោយអាការភិតភ័យថា ឱ!គ្រោះជា​ល្អ! ប្រសិនបើព្រះមហាជនកស្លាប់ក្នុងមហាសមុទ្ទ សមជាអាត្មា​អញ​នឹង​លែងបានចូលទេវ​សមា​គម។ នាងឋិតនៅឰដ៏អាកាស ពោលល្បងព្រះពោធិសត្វមើលថា នរណានេះដែល​មិន​ឃើញ​ត្រើយ​សោះ ហើយខំប្រឹងហែលកណ្ដាលសមុទ្ទដែរ! អ្ន​កឃើញប្រយោជន៍ដូចម្ដេច បាន​ជាព្យាយាមដល់ម្ល៉េះ?
            -ព្រះពោធិសត្វថាៈ ម្នាលទេវតា ខ្ញុំពិចារណាឃើញនូវវត្តរបស់សត្វថា ត្រូវតែធ្វើការ ហើយនិងអានិសង្ឃនៃ​សេចក្ដី​​ព្យាយាម ថាត្រូវតែផុតទុក្ខ, ព្រោះហេតុនេះបានជាខ្ញុំទោះបីមិន​ឃើញត្រើយសោះ ក៏នៅតែព្យាយាម​ហែល​ដែរ។
            -ទេវតាថាៈ អ្នកមិនឃើញទាំងត្រើយផង, ការព្យាយាមរបស់អ្នក ជាការសោះសូន្យ​ទទេ​​,​អ្នកមិនដល់ត្រើយទេ មុខជា​ស្លាប់មិនខាន។​
            -ព្រះពោធិសត្វថាៈ បុគ្គលធ្វើនូវកិច្ចរបស់បុរស(ព្យាយាម)ទើបជាអ្នកមិន​មានបំណុល​ក្នុងពួកញាតិ ក្នុងពួក​ទេវតា និងក្នុងពួកព្រាហ្ម ទាំងមិនក្ដៅក្រហាយក្នុងកាលទាំងក្រោយផង។
            -ទេវតាថាៈ ការងារដែលមិនសម្រេច រមែងជាការឥតផល បានត្រឹមតែក្ដីលំបាកជា​កម្រៃ, បុគ្គលដែលត្រូវស្លាប់ នោះ​មានប្រយោជន៍ដោយសេចក្ដីព្យាយាមក្នុងការងារ។
            -ព្រះពោធិសត្វថាៈ ម្នាលទេវតា, បុគ្គលណាដឹងច្បាស់ថា “ការងារមិនសម្រេច” ហើយ​មិនរក្សាជីវិតខ្លួនៗឯង​(បែរ​ជា​អំពាវនាវឲ្យគេជួយជីវិតទៅវិញ) ថែមទាំងបន្ថយសេចក្ដីព្យាយាម​ផង, បុគ្គលនោះគង់ដឹងនូវផល​នៃសេចក្ដី​ខ្ជិល​មិន​ខាន, ម្នាលទេវតា, ក្រែងនាងបានឃើញដែរ​ឬ មនុស្សមួយសំពៅលិចបាត់ទៅ, នៅតែខ្ញុំហែលមក, បើមិន​បាន​ផល​អ្វី, ក៏បានត្រឹមតែការជួប​នឹងនាងដែរ, ខ្ញុំនឹងព្យាយាម តាមសមគួរដល់ការអាច តាមសមគួរដល់កម្លាំង បើភព្វមាន បាន​ដល់​ច្រាំង ខ្ញុំនឹងធ្វើនូវសេចក្ដីព្យាយាមដែរបុរសគួរធ្វើទៀត។
            -ទេវតាៈ អ្នកប្រកបដោយសេចក្ដីព្យាយាមតាមធម៌ រមែងមិនលិចចុះក្នុងមហាសមុទ្ទ​ដោយកម្ម គឺសេចក្ដី​ព្យាយាម​​ហ្នឹងឯង, ចិត្តរបស់អ្នកត្រេកអរក្នុងទីណា, ចូរអ្នកទៅក្នុងទីនោះ​ចុះ។
            នាងមណីមេខលា ទេវតារក្សាសមុទ្ទនិយាយាដូច្នោះហើយ ក៏ចាប់ស្រង់ព្រះពោធិសត្វ​ដូចជាផ្កាកម្រង ត្រកង​ផ្ដេក​​ផ្ទាប់នឹងឱរា ដូចជាប្រិយបុត្រារបស់របស់ខ្លួន នាំទៅតាមអាកាស​ដល់នគរមិថិលា ក៏ផ្តេកលើមង្គលសិលាបីត្រ ក្រោមដើមស្វាយខាងត្បូងព្រះនគរ ឲ្យពួកទេវតា​រក្សាឧទ្យានចាំថែរក្សាព្រះពោធិសត្វ ហើយត្រឡប់ទៅឋាន​របស់ខ្លួន​វិញ[2]
            ឯព្រះបោលជនក ឥតព្រះរាជបុត្រសោះ មានត្រឹមតែព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាម​សីវលីទេវី។ ក្នុងថ្ងៃ​ដែល​ព្រះអង្គផ្ទំជាប់មរណមញ្ច អាមាត្រទាំងឡាយបានស្នើព្រះយោបល់​ថាៈ ទ្រង់សព្វព្រះរាជហឫទ័យ ព្រះ​រាជ​ប្រទាន​រាជសម្បិត្តដល់នរណា។ ព្រះរាជាត្រាស់ព្រះរាជ​ឱង្ការថា កំណប់ធំ១៦ គឺកំណប់ត្រង់ព្រះអាទិត្យ១ ត្រង់​ព្រះអាទិត្យ​លិច១ ខាងក្នុង១​ ខាង​ក្រៅ​១ មិនមែនក្នុងមិនមែនក្រៅ១​ ត្រង់ទីសម្រាប់​ឡើង១ ត្រង់ទីសម្រាប់ចុះ១​ ត្រង់សាលព្រឹក្ស​ទាំង​​បួនដើមមួយៗ ត្រង់ទីមួយយោជន៍១ នាចុងភ្លុកដំរី១ នាចុងកន្ទុយដំរី១ ក្នុងទឹក១​ ឰដ៏ចុងឈើ១ នរណាគាស់បាន, សហស្ស​ថាមធ្នូ នរណាលើករួច, បល័ង្គ(គ្រែ)បួនជ្រុង នរណាដឹងក្បាល​​​ដំណេកខាងណា, នាងសីវលីរាជទេវិ នរណា​ឲ្យត្រេកអរបាន អ្នកទាំងឡាយចូរប្រគល់រាជ​សម្បិត្តឲ្យអ្នកនោះចុះ។
អាមាត្យទាំងឡាយ បានចាត់ការជ្រើសរើសព្រះមហាក្សត្រតាមព្រះរាជបណ្ដាំនេះពុំបាន ទើបព្រម​ព្រៀង​តាម​បុរោហិត​ចាត់ការផ្សងបុស្សរថដែលទឹមដោយសេះពីរគូ មានកម្រាល​និង​ផ្ការចនាដ៏វិចិត្រ ដាក់គ្រឿង​រាជកកុធភ័ណ្ឌ​គ្រប់​គ្រាន់​ទាំងប្រាំប្រការ មានពួកចតុសេនា​ចោម​រោមត្រៀបត្រា បួងសួងសូមឲ្យបានអ្នកមានវាសនាគួរទទួល​សោយរាជ្យ​សម្បិត្ត។ បុស្ស​រថ​ដែលគេផ្សង ហើយលែងទៅក៏សំដៅទៅត្រង់ទីមង្គលសិលាប័ត្រដែលព្រះពោធិសត្វផ្ទំ។ បុរោ​ហិតបាន​ឃើញលក្ខណៈព្រះអង្គហើយ និយាយប្រាប់គ្នាថាៈ បុរសនេះមានសម្ថភាពអាច​សោ​យរាជ្យ​ក្នុងមហាទ្វីប​ទាំង​បួ​ន​បាន។ ទើបព្រមព្រៀងគ្នាអារាធនាព្រះអង្គសូមទ្រង់ទទួលរាជ​សម្បិត្ត, បានធ្វើពិធីអភិសេកក្នុងទីនោះមួយរលឹក ហើយ​ទៅកាន់រាជបុរី បានដង្ហែទៅជួបនឹង​ព្រះនាងសីវលីទេវីរាជកញ្ញា។ ព្រះនាងមានសេចក្ដីជ្រះថ្លា ពុំអាច​ទប់ទល់​ព្រះអង្គ ក៏ទ្រង់លូក​ព្រះហស្ថចាប់ព្រះពោធិសត្វ ដោយព្រះរាជហ​ឫទ័យជ្រះត្រៀកអរ។ មហាជនក៏ទះដៃទទួល​អំណរ​ថា ត្រូវតាមព្រះរាជបណ្ដំមួយខហើយ។
ព្រះពោធិសត្វសួរថាៈ ព្រះមហាក្សត្ររបស់អ្នកទាំងឡាយបានផ្ដាំរឿងអ្វីដទៃទៀតដែរ? ទើបអាមាត្យទាំង​ឡាយ​ក្រាបទូលហូរហែ តាមព្រះរាជបណ្ដាំដែលបានពោលហើយខាងដើមៈ​បល្ល័ង្គបួនជ្រុង គឺព្រះសិរីសយនា ដែល​ឥត​មាននរណាចូលដល់ បានជាគ្មាននរណាស្គាល់​ក្បាលដំណេក។ ព្រះពោធិសត្វក៏ប្លែក ងឿងក្នុងព្រះហឫទ័យ, ប៉ុន្ដែ​ដោយ​ការវាងវៃ ទើបព្រះ​អង្គដកព្រះសុពណ៌សូចិ(ស្នៀតព្រះកេសមាស) ហុចទៅដល់ព្រះនាងសីវលីថា នេះជាគ្រឿង​ប្រដាប់​ព្រះសិរ, ចូរនាងដាក់ក្នុងទីគួរដាក់។ ព្រះនាងក៏ដាក់លើគ្រែនោះ ខាងក្បាលដំណេក។ ទើបព្រះ​អង្គ​ឆ្លើយ​ប្រាប់មហាជនថាៈ នេះជាក្បាលដំណេក[3]។ សហស្សថាមធ្នូ(ធ្នូប្រកបដោយ​កម្លាំងបុរសមួយពាន់នាក់)។ ព្រះ​ពោធិសត្វ​គង់លើបល្ល័ង្គលើកធ្នូនេះរួច ដូចជាធ្នូសម្រាប់ថ្ពេច​កប្បាសរបស់ពួកស្រីៗ។
កំណប់ព្រទ្យទាំង១៦។ ព្រះអង្គសួរអាមាត្យទាំងឡាយថាៈ ព្រះរាជារបស់អ្នកទាំង​ឡាយធ្លាប់​រាប់​អានព្រះបច្ចេកពុទ្ធឬទេ?
-ក្រាបទូលថាធ្លាប់។ -ធ្លាប់ទទួលដំណើរព្រះបច្ចេកពុទ្ធត្រង់ទីណា? -ថាត្រង់ទីនោះ។ បើដូច្នោះចូរអ្នកទាំង​ឡាយ​ទៅជីកយកកំណប់អំពីទីនោះមក, ទីនោះឯងដែលឈ្មោះថាកន្លែង​ព្រះអាទិត្យរះ, ព្រះរាជា​ធ្លាប់ជូនដំណើរ​ព្រះបច្ចេក​ពុទ្ធដល់ត្រង់ណា, ចូលអ្នករាល់គ្នាទៅជីក​យកកំណប់អំពីត្រង់នោះមក, ទីនោះឯងដែលមានឈ្មោះថា​ព្រះអាទិត្យ​លិច។ រាជបុរសទាំង​ឡាយក៏ជីកបានកំណប់ម​កមែន។ ទ្រង់ឲ្យយកកំណប់ខាងក្នុង អំពីខាងក្នុងធរណី​នៃ​ព្រះរាជ​ដំណាក់, ឲ្យយកកំណប់ខាងក្រៅ អំពីខាងក្រៅធរណីនៃទ្វារនោះ, ឲ្យយកកំណប់មិនមែនខាង​ក្នុង មិនមែន​ខាង​ក្រៅ អំពីខាងក្រោមធរណីនោះ, ឲ្យយកកំណប់ក្នុងកន្លែងឡើង អំពីកន្លែង​ឡើងកាន់ដំរី, ឲ្យយកកំណប់កន្លែងចុះ អំពីកន្លែងចុះចាកដំរី, ឲ្យយកកំណប់ខាងក្រោមមហា​សាលព្រឹក្សបួនដើម អំពីខាងក្រោមជើងដំរីទាំង៤នៃ​គ្រែព្រះសិរី​សយនា​ដែលជាងធ្វើដោយ​ឈើ​សាលព្រឹក្ស ឲ្យយកកំណប់ចម្ងាយមួយយោជន៍ជុំវិញអំពីទីជុំវិញគ្រែមួយជួរនឹម, ឲ្យ​យក​​​កំណប់​នាខាងចុងភ្លុកដំរី អំពីទីចំពោះមុខនៃភ្លុកទាំងពីរនៃដំរីមង្គល, ឲ្យយកកំណប់នាខាងចុង​កន្ទុយ​ដំរី អំពី​ទី​ចំពោះ​មុខនៃកន្ទុយនៃដំរីមង្គល, ឲ្យយកកំណប់អំពីកំពង់ដែលទ្រង់ធ្លាប់ចុះ​ស្រង់​ក្នុងស្រះ​មង្គលបោក្ខ​រណី ឲ្យយ​ក​កំណប់​ឰដ៏ចុងឈើ អំពីទីចុងស្រមោលនៃមែកសាល​ព្រឹក្សក្នុងព្រះរាជឧទ្យាននៅវេលាថ្ងៃត្រង់។ កាលព្រះពោធិសត្វឲ្យ​នាំយកកំណប់ទាំង១៦ បាន​មកយ៉ាងនេះហើយ, មហាជនក៏មានចិត្តត្រេកអររីករាយ ថ្វាយរាជសម្បត្តិជាការដាច់​ស្រេច​​ដោយ​ការធ្វើព្រះរាជពិធីអភិសេកជាមួយនឹងព្រះនាងសីវលីទេវី។ កំណប់ទ្រព្យដែលគាស់បាន​មក ទ្រង់ឲ្យយក​ទៅ​ចាត់ការកសាងសាលាឆទានទាំង៦ខ្នង គឺត្រង់ទីជិតទ្វារនៃព្រះរាជនិវេសន៍​២​ខ្នង ទៀបទ្វារទាំង៤នៃនគរ៤ខ្នង ហើយទ្រង់ចំណាយព្រះរាជទ្រព្យព្រះរាជទានដល់សម-​ណៈជីព្រហ្មណ៍ ស្មូមយាចកអ្នកកំសត់ទុគ៌តរៀង​រាល់ថ្ងៃ​តទៅ​។ ទ្រង់​ឲ្យស្ដេចសម្ដេចព្រះវររាជ​ជននី​ ព្រមទាំងអញ្ជើញអាចារ្យទិសាបាមោក្ខ អំពីនគរកាលចម្បាក់មកតម្កល់​ទុកជា​ទីសក្ការ​បូជាដរាបតរៀងទៅ។
ព្រះបាទមហាជនកបរមពោធិសត្វ កាលគង់លើរាជសនៈក្រោមស្វេតច្ឆត្រ ទតឃើញ​សិរី​រាជសម្បត្តិ ដូចជា​សិរី​នៃ​ព្រះឥន្ទ្រ ទ្រង់រលឹកឃើញនូវការព្យាយាមដែលទ្រង់ធ្វើនៅមហា​សមុទ្ទ ក៏មានព្រះរាជហ​ឫទ័យប្រកបដោយបីតិ​សោមនស្ស ទ្រង់បន្លឺព្រះឧទានថាៈ
បុរសជាបណ្ឌិតត្រូវតែតស៊ូ! មិនត្រូវនឿយណាយ! យើងឃើញច្បាស់ដោយខ្លួន​​​​​​​​​​​​​​ឯងថា​យើងប្រាថ្នាយ៉ាងណា បាន​យ៉ាងនោះ, យើងឃើញច្បាស់ដោយខ្លួនឯងថា ទេវតាស្រង់យើង​ដាក់មកលើគោក។
បុរសជាបណ្ឌិតត្រូវតែតស៊ូ! មិនត្រូវនឿយណាយ! អ្នកមានប្រាជ្ញាទោះបីសេចក្ដីទុក្ខប៉ះ​ពាល់ត្រូវ ក៏មិនត្រូវ​កាត់​បំណង​ខ្លួនដែរ!។
ចំណេរកាលតមក ព្រះនាងសីវលីទេវីប្រសូតព្រះរាជបុត្រា ទ្រង់បានព្រះរាជទានព្រះ​នាមថា ទីឃាវុកុមារ។ ព្រះរាជ​បិតាបានព្រះរាជទានឋានៈជាឧបរាជដល់ព្រះរាជបុត្រនេះ។ ព្រះ​មហាជនក​ទ្រង់សោយរាជ្យ​ប្រកបដោយ​ទស​ពិធរាជ​ធម៌ ឥតមានមោះមៃសេចក្ដីអន្តរាយក្នុង​នគរឡើយ។
ថ្ងៃមួយទ្រង់ស្ដេចទៅកាន់ឧទ្យាន បានទតឃើញផ្លែស្វាយ១ដើម រេចស្លឹកបាក់មែក​ព្រោះតែមាន, ស្វាយ​មួយ​ដើម​ទៀត​មានស្លឹកលាស់ខ្ចី សាខាត្រឈឹងត្រឈៃដង្គុំដង្គោលល្អ​ព្រោះឥតផ្លែ, ទើបទ្រង់ព្រះចិន្ដាថា ស្វាយ​ដែល​រេច​រឹល​បាក់មែកព្រោះតែផ្លែ ដូចជាអាត្មាអញជា​ស្ដេចសោយរាជ្យ ធ្វើឲ្យកើតឡើងសម្រាប់តែអ្នកត្រូវការ ត្រង់ខ្លួនអាត្មា​អញ​ចេះ​តែរេចទៅៗ។ ព្រះអង្គទ្រង់ព្រះចិន្ដាដូច្នេះហើយ ទើបទ្រង់សព្វព្រះរាជហឫទ័យក្នុងភេទបព្វជ្ជា ទ្រង់និវត្តមក​កាន់​ព្រះរាជ​និវេសន៍វិញ ទ្រង់បណ្ដេញហាមឃាត់មិនឲ្យមនុស្សដទៃទៅនៅ​ ឬចូលទៅក្នុងព្រះ​រាជនិវេសន៍ឡើយ លើក​លែង​តែអ្នកបម្រើព្រះអង្គម្នាក់ចេញ។ ព្រះអង្គធ្វើសមណធម៌ស្មឹង​ស្មាធអស់វេលា៤ខែ ឥតឲ្យនរណាដឹងសោះ។ ថ្ងៃមួយ​នោះ ទ្រង់ឲ្យអ្នកបម្រើទៅហៅខ្មាន់ព្រះ​កេសមកចម្រើនព្រះកេសា  ឲ្យទៅជាវសមណបរិក្ខារ​(បាត្រចីវរ)​មក​ផ្លាស់​គ្រឿងអម្ពរ ទ្រទ្រង់​ភេទបព្វជ្ជា ទ្រង់ព្រះពស្ដ្រកាសាយ៍ស្ពាយបាត្រឰដ៏ព្រះអង្សា ប្រាថ្នានឹងចេញទៅព្រៃហេម​ពាន្ត​។
គ្រានោះព្រះនាងសីវលី និងស្រីស្នំ៧រយនាក់ តាក់តែងអង្គទ្រង់គ្រឿងអលង្ការបំពារាជ​ប្បញ្ញាត្តិចូលទៅគាល់, ជួន​​ជា​ព្រះអង្គចុះចេញពីបា្រសាទយាងដោយបាទា ទោះបីស្ដ្រីទាំង​នោះអង្វរឃាត់យ៉ាងណា ក៏ទ្រង់ពុំព្រមត្រឡប់​វិញ​សោះ។ មហាជនក្នុងនគរទាំងអស់ ទាំងស្ដ្រី​ទាំងបុរស ទាំងរាស្ដ្រទាំងមន្ដ្រី ផ្អើឆោឡោរត់តាមព្រះចក្រី ​ថ្លែង​សេចក្ដី​អង្វរ​ផ្សេងៗជាអនេក​ប្រការ ក៏ពុំអាចញ៉ាំងព្រះអង្គឲ្យទ្រង់ត្រឡប់បាន។
            ព្រះនាងសីវលីនឹកឃើញឧបាយមួយថា “ព្រះរាជាតែងខ្វល់ខ្វាយក្នុងកិច្ចការពារអន្ត រាយ​នៃប្រជាជន” ទើប​ទ្រង់​ចាត់​សេនាបតីឈ្មោះមហាសេនាគុត្ត ឲ្យដុតផ្ទះចាស់ៗ ដុតសំ រាម ដុ​តស្លឹកឈើ ធ្វើឲ្យមានផ្សែងទ្រលោមឡើង ព្រះនាងក៏ទៅឱបព្រះបាទាព្រះស្វាមីទូល ថានគ​រ​មិ​ថិលាត្រូវភ្លើងឆេះហើយ។ ព្រះអង្គទ្រង់មានព្រះឱង្ការថា សេចក្តី​ខ្វល់​ខ្វាយនៃជន ណាមាន សេច​ក្តីខ្វល់ខ្វាយនោះ នៃជននោះ តែងឆេះចេញជាភ្លើង​ ឯយើងឥតមានសេចក្តី ខ្វល់ខ្វាយ​ទេ ឥត​ភ្លើងឆេះទេ។ល។
            ព្រះនាងឲ្យពួកអ្នកកាន់អាវុធសំឡុតអ្នកស្រុកធ្វើហាក់ដូចជាចោរប្លន់។ អ្នកស្រុកទាំង​រយ ទាំងពាន់រត់មកយំ​ស្រែក​ស្ទាក់ព្រះរាជដំណើរថា ចោរប្លន់ដែនព្រះអង្គហើយ​ សូម​ព្រះអង្គ​ត្រឡប់កុំឲ្យដែននេះវិនាស។ ព្រះអង្គទ្រង់​ត្រាស់ថា កង្វល់របស់យើងមិនមានទេ យើងរស់​នៅ​ជា​សុខ ទុកជាដែនត្រូវចោរប្លន់ក៏យកសម្បត្តិយើងមិនបានដែរ[4]។ ព្រះ​អង្គទ្រង់ចេញ ទៅអស់​ផ្លូវ​ដ៏ឆ្ងាយ។ មហាជនទាំងឡាយក៏ប្រឹងតែតាមមិនព្រមត្រឡប់។ ដល់ផ្លូវប្រហប់​ព្រះអង្គ​ទ្រង់​ងាក​​សួរថា រាជ្យនេះជារាជ្យនរណា? នរណាកាន់អំណាចក្នុងប្រទេសនេះ? ឆ្លើយទូលថារាជ្យ​ព្រះ​អង្គ ព្រះកាន់​អំណាច។ ទើបព្រះពោធិសត្វយកព្រះទណ្ឌ(ឈើច្រត់) គូសទទឹងផ្លូវប្រហប់​ថា យើងជាអ្នកកាន់អំណាចគូសគំនូសនេះ​​ នរណាកន្លងគំនូសនេះ នឹងត្រូវមានទោស។ មហា​ជន​ទាំងរាស្ត្រ ទាំងមន្ត្រី ឥតបីហ៊ានកន្លងផ្គងអញ្ជលីឱនសិរសា ក្រាបទល់ត្រឹមគំនូសនោះ។ ព្រះ​នាង​សីវលីផ្តួលអង្គទ្រង់បម្រះននៀល ទាល់តែរលុបគំនូស នោះអស់។ មហាជន​ឃើញ​​ដូច្នោះ ក៏ស្រែកថា “ម្ចាស់គំនូសទម្លាយគំនូសហើយ” ហើយខំ រត់ប្រពាក់ប្រពូនតាមទៅទៀត។ ព្រះ​រាជា​ពុំអាច​ញ៉ាំង​មហាជនឲ្យត្រឡប់វិញបាន អស់ផ្លូវ​ ៦០យោជន៍។
            គ្រានោះ តាបសព្រះនាមនារទ នៅនាព្រៃហេមពាន្ត បានឋិតនៅឰដ៏អាកាស ញ៉ាំង សេច​ក្តីឧស្សាហ៍នៃ​ព្រះរាជា​ឲ្យកើតឡើងថា សំឡេងគឹកកងនេះ តើព្រោះហេតុអ្វី? ស្រីៗ នោះ​ជា​អ្វី? មកលេងជាមួយក្នុងព្រៃដូចជា​ក្នុងស្រុក?
            ពោធិសត្វថា ខ្ញុំលះបង់មហាជនចេញមក បានជាមហាជនតាមមកប្រជុំក្នុងទីនេះ ខ្ញុំ​កន្លង​កិលេសទៅបួស ដើម្បី​បាន​នូវមោនធម៌។
-               តាបសថា ព្រះអង្គកុំសម្គាល់ថា អញឆ្លងកិលេសរួច​ កិលេស​នេះបុគ្គល​មិន​ងាយ​​ឆ្លង​បានទេ ព្រោះ​អន្តរា​យ​មាន​ច្រើន។
-   ព្រះពោធិសត្វថា​ ខ្ញុំមិនប្រាថ្នាកាមក្នុងមនុស្សលោកក្នុងទេវលោកឡើយ សេចក្តី អន្ត​រាយ​នឹងមានដល់ខ្ញុំដូច​ម្តេចបាន។
-               ​តាបសថា​ សេចក្តីអន្តរាយតាំងឡើងពីប្រភពច្រើនប្រការគឺ ពីការដេកលក់ ពី​សេច​​ក្តីខ្ជិល ពីការមឹតពត់ ពី​សេចក្តី​អផ្សុក​ ពីការពុលអាហារ។
-       ព្រះរាជាសួរថា លោកប្រៀនប្រដៅខ្ញុំល្អណាស់ លោកជាអ្វី?
-   តាបសថា​ ជនទាំងឡាយស្គាល់ខ្ញុំដោយនាមថា នារទ ដោយគោត្រថាកស្សប​ ខ្ញុំ មក​ដោយ​ការដឹងច្បាស់ថា “សមាគមដោយសប្បុរស​ ជាការប្រពៃ” សេចក្តីត្រេក អរក្នុងបព្វជ្ជា និង​ព្រហ្ម​វិហារ ចូរកើតដល់ព្រះអង្គ ការខ្វះ​ខាត​សីល​ និងឈាន សូមព្រះអង្គបំពេញ​ សូម​ព្រះ​អង្គ​រំលាយ​ចោលនូវសេចក្តីមើលងាយ និងសេចក្តី ក្រអឺតក្រអោង​(អាង​ជាតិ) សូម​ព្រះ​អង្គ​គោរព​នូវ​កុសលកម្មបថ និងវិជ្ជា គឺអភិញ្ញា ៥​ សមាបត្តិ៨ និងសមណធម៌។
នារទតាបសនោះ ទូន្មានព្រះមហាសត្វយ៉ាងនេះហើយ ក៏ទៅកាន់លំនៅនៃខ្លួនតាម អាកាសវិញហោង។ កាលដែល​តាបសនោះទៅបាត់ទៅ មានតាបសផ្សេងទៀតព្រះនាម មិគា​ជិន ចេញអំពីសមាបត្តិ មកឋិត​នៅ​ឰដ៏​អាកាស​បង្ហាញ​ខ្លួននិយាយថាៈ បពិត្រព្រះជនក​ ព្រះអង្គ​លះ​បង់ដំរីសេះ ពួកអ្នកនគរ​ និងជនបទដ៏ច្រើន ហើយទ្រង់ព្រះផ្នួស​ ត្រេកអរតែនឹង អំបែង​(បាត្រ) តើពួកអ្នកជនបទ​ មិត្រ​​ អាមាត្រ និងព្រះញាតិ បានប្រទូស្តចំពោះព្រះអង្គឬ ឬក៏​ព្រោះ​ហេតុអ្វី​ បានជាព្រះអង្គសព្វព្រះរាជហឫទ័យនឹងអំបែងរបស់ព្រះអង្គឯណេះ​វិញ?
- ព្រះពោធិសត្វឆ្លើយថា បពិត្រមិគាជិន តាំងពីកាលណាមក ខ្ញុំមិនដែលផ្ចាញ់ជន ណា​មួយដោយអធម៌ទេ ទាំង​ពួក​ជនណាមួយ ក៏មិនដែលផ្ចាញ់ខ្ញុំដែរ ខ្ញុំបានឃើញនូវប្រពៃ​ ណី​នៃ​សត្វលោក ដែលកិលេស​ធ្វើឲ្យ​ខ្វល់​ខូច​ដូចជា​ភក់​ លិចចុះក្នុងភក់ គឺកិលេសងងឹតងង​ល់​ហ៊ាន​ដល់ទៅសម្លាប់គ្នា ខ្ញុំយករឿងនេះមកប្រៀបធៀបពិចារណា ទើបបាន​ជាខ្ញុំ​ចូលចិត្ត​នឹង​ផ្នួស​។
- តាបសសួរថាៈ អ្នកមានជោគណា ជាសាស្តារបស់ព្រះអង្គ? ពាក្យដ៏ពីរោះនេះ​ ជា ពាក្យ​របស់បុគ្គលណា?
- ព្រះពោធិសត្វឆ្លើយថាៈ ខ្ញុំអាចនិយាយដូច្នេះបាន ដោយខ្លួនឯង ព្រោះហេតុខ្ញុំបាន ឃើញដើមស្វាយមានផ្លែ ដែលពួក​មនុស្សបៀតបៀនធ្វើឲ្យរេចស្លឹក និងមែក ព្រោះតែផ្លែ ខ្ញុំ បានឃើញស្វាយមួយដើមទៀតឥតមានផ្លែ មានពណ៌​ខៀវស្រងាត់ ជាទីរីករាយនៃចិត្ត ទើប ខ្ញុំគិតថា “អាត្មាអញដែលទ្រទ្រង់នូវឥស្សរភាព នឹងត្រូវ​សត្រូវ​ទាំងឡាយ​សម្លាប់មិនខាន ខ្លា​ ដំបងត្រូវគេសម្លាប់ព្រោះស្បែក ដំរីត្រូវគេសម្លាប់ព្រោះភ្លុក អ្នកមានទ្រព្យត្រូវគេសម្លាប់​ព្រោះ​ទ្រព្យ តើនរណានឹងសម្លាប់មនុស្សឥត​ផ្ទះ មិនមានសន្ថវ នឹងថាដើមស្វាយទាំងពីរនេះ​ ឯង ជាសាស្តា​របស់​ខ្ញុំក៏​ថាបាន។
មិគាជិនតាបស​ ឮដូច្នោះក៏ថ្វាយឱវាទដល់ព្រះរាជាថា “សូមព្រះអង្គកុំធ្វេសប្រ​ហែស” ដូច្នេះហើយក៏ត្រឡប់​ទៅ​កាន់​ទីឋានរបស់ខ្លួនវិញហោង។
កាលដែលមិគាជិនតាបសនោះ ទៅបាត់ទៅ ព្រះនាងសីវលីក្រាបទៀបព្រះបាទានៃ​ ព្រះ​រាជាជាព្រះស្វាមី ថ្លែង​ព្រះ​រាជ​សវនីយ៍ថាៈ​ ជនទាំងពួងគឺ​សេនាដំរី សេនាសេះ សេនារថ សេនា​ថ្មើរជើង បានឮថា ព្រះអង្គទ្រង់ព្រះផ្លួសហើយ ក៏តក់ស្លុតរត់តាមមកដល់ទីនេះ សូមតាំង​ព្រះរាជាកុមារក្នុងរាជសម្បត្តិ ហើយសឹមទ្រង់ព្រះផ្លួសក្នុងកាលខាង​ក្រោយ​នេះ។
ព្រះពោធិសត្វថាៈ ម្នាលបជាបតិ ពួកអ្នកជនបទ មិត្រ​ អាមាត្រ និងញាតិទាំងឡាយ ត្រូវអាត្មាលះបង់​ស្រេច​ហើយ​ កូនអ្នកវិទេហរាស្ត្រឈ្មោះ ទីឃាវុកុមារ នឹងជាអ្នកញ៉ាំងរដ្ឋឲ្យ​ ចម្រើន ចូរកូននោះសោយរាជ្យក្នុងក្រុងមិថិលាចុះ ចូរនាង​មកនេះ​ អាត្មានឹងប្រាប់នូវពាក្យ ដែល​អាត្មាពេញចិត្តថា នាងឯងសោយរាជ្យឈ្មោះថា​​ ធ្វើនូវបាបទុច្ចរិតដ៏ច្រើន ដោយ​កាយ វាចា ចិត្ត នាងនឹងទៅកាន់ទុគ្គតិ ដោយកាយវាចា ចិត្តទុច្ចរិតមិនខាន ឯអាត្មាញ៉ាំងអត្តភាព ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយដុំបាយដែលបុគ្គលដទៃឲ្យ ដែលបុគ្គលដទៃសម្រេចហើយ នេះជាប្រពៃណី​របស់​អ្នកប្រាជ្ញ។
ព្រះពោធិសត្វ​ ព្រះរាជទានឱវាទដល់ព្រះនាងសីវលី យ៉ាងនេះបណ្តើរ យាងទៅ បណ្តើរ។ ព្រះនាងសីវលី ស៊ូតែតាម​ទៅ​ៗដល់វេលាយប់ ទើបទ្រង់ឈប់ឲ្យបោះកងទ័ពក្នុង ទី​ដ៏​សម​គួរ។ ព្រះមហាសត្វចូលទៅ​កាន់គល់​ឈើ​មួយដើម ព្រឹកឡើងទ្រង់ស្តេចទៅស្វែង​ រកភិក្ខា ក្នុងថូណនគរ។ ក្នុងនគរនោះ មានបុរសម្នាក់អាំងសាច់មួយដុំ។​ សុនខមួយលបពាំ បោលទៅ ត្រូវម្ចាស់សាច់ដេញតាម  សុនខក៏ប្រឹងបោលទៅប្រទះនឹងព្រះពោធិសត្វ វាភ័យ ស្មានថា​ជា​ព្រះ​អង្គចាំស្ទាក់ ក៏ទម្លាក់ដុំសាច់ ប្រាសបោលទៅម្ខាងបាត់ទៅ។ ព្រះអង្គរងចាំ នៅទីនោះ​មួយ​ស្របក់​ពុំឃើញម្ចាស់ ឬឆ្កែមកយកដុំសាច់នោះវិញ ក៏ព្រះអង្គទស់យកជា ចង្ហាន់ប័ង្សុកូល បោស​ធូលីស្អាតដាក់ក្នុងបាត្រ យកទៅពិចារណា​បច្ចវេក្ខណវិធី ឆាន់ក្នុងទីមានទឹក​ដ៏​សប្បាយ​។ ព្រះនាងទេវី ឃើញយ៉ាងនេះ ក៏ទ្រង់ព្រះចិន្តាថា​ “ បើព្រះស្វាមីនៅត្រូវ ការ ដោយរាជសម្បត្តិ​ ទ្រង់​មិនសោយព្រះស្ងោយយ៉ាងនេះទេ​ នេះប្រាកដជាដាច់អាល័យ ពីរាជសម្បត្តិហើយ “ ទើប​ព្រះ​នាងថ្លែងសវនីយ៍រិះគន់ព្រះរាជាថាៈ បុគ្គលណាឥតអាហារ​បួនពេល នោះនឹងស្លាប់មិន​លែង​! ជាតិជាកុលបុត្រមិន​គប្បីបរិភោគអាហារ​ ដែលប្រឡាក់ ដោយធូលីមិនស្អាតទេ ព្រោះ​ការ​​បរិភោគយ៉ាងនោះមិនល្អសោះ មិនប្រពៃសោះ! បពិត្រ​ព្រះមហាជនក គួរបើដែរ ព្រះអ​ង្គ​សោយ​ព្រះស្ងោយសល់ពីឆ្កែយ៉ាងហ្នឹង!
ព្រះពោធិសត្វថា​ ម្នាលនាងសីវលី របស់ណាដែលគេលះបង់ហើយ របស់នោះមិន​មែន​ជា​អាត្មា មិនគួរឆាន់ទេ របស់ដែលបានដោយធម៌ នោះជាអាហារមិនមានទោស។
ព្រះពោធិសត្វ និងព្រះនាងសីវលី ចរចារទៅវិញទៅមកបណ្តើរយាងទៅបណ្តើរ ទ្រង់​បាន​ជួបនឹងនាងកុមារិកា​ម្នាក់កំពុងស្ទៃដីខ្សាច់ដោយកូនកញ្ច្រែង។ នាងកុមារិកានោះ មាន​ដៃ​ម្ខាង​ពាក់កងមួយ ដៃម្ខាងទៀតពាក់កងពីរ។ ឯកងមួយនាដៃម្ខាងឥតមានសូរ ប្លែក តែកង​ពីរ​នាដៃ​ម្ខាងទៀតនោះ ចេះតែឮសូរក្រឹកៗឥតឈប់។ ព្រះរាជាទ្រង់ជ្រាប​ហេតុនោះ ហើយ​ក៏​ទ្រង់​ព្រះ​ចិន្តាថា “ នាងសីវលី ចេះតែតាមជាប់ពីក្រោយអាត្មាអញ អធ្មតាស្រ្តីជា​មន្ទិលរបស់បព្វជិត អ្នកផង​បានឃើញនឹងរិះគន់ពុំខាន ឯនាងកុមារិកានេះ អង់អាចឥតខ្លាចនរណា សមជា​ក្មេង​មាន​​ប្រាជ្ញា បើដូច្នោះ​អាត្មា​អញ​នឹងសួរកុមារិកានេះ ឲ្យវាឆ្លើយ អាត្មា អញនឹងបានចម្លើយវា​ យក​មកបណ្តេញនាងសីវលីទៅវិញ “​ ទ្រង់ព្រះចិន្តា​ដូច្នោះ​ហើយ ក៏ទ្រង់​ចូលទៅ​ជិតនាង​កុមា​រិ​​កា​ ទ្រង់ព្រះបុច្ឆាថាៈ ម្នាលកុមារិកា​ តំណូចនាងឯងពិតជាក្មេង នៅដេក​ឱបម្តាយនៅឡើយ ហើយ​នាងមានគ្រឿងប្រដាប់មិនឃ្លាតពីខ្លួនជានិច្ច ដៃម្ខាង របស់នាងលាន់ឮសូរ ដៃម្ខាង​ទៀត​ឥត​ឮ​សូរ​សោះ តើព្រោះហេតុអ្វី?
នាងកុមារិកាថាៈ បពិត្រសមណៈ កងទាំងពីរទង្គិចគ្នាទើបឮសូរ កងមួយនេះឥតកង​ ឯ​ទៀ​តជាកម្រប់​ពីរទើប​មិនឮ​សូរ ដូចអរិយបុគ្គលជាអ្នកស្ងប់ស្ងៀម ឯបុគ្គលមានគ្នា រមែងជ ជែក​គ្នា ម្នាក់ឯងជជែកនឹងនរណាកើត ព្រះអង្គ​ជាអ្នក​ប្រាថ្នានូវឋានសួគ៌ សូមទ្រង់ពេញព្រះហឫ​ទ័យ​នឹងភាពនៃបុគ្គលម្នាក់ឯងចុះ។
ព្រះបរមពោធិសត្វ បែរមកបញ្ជាក់នឹងព្រះនាងសីវលីថាៈ នាងឮឬទេ​ នូវពាក្យដែល នាង​កុមារិកានិយាយ​អម្បាញ់មិញ? នាងកុមារិកាដៀលអាត្មាដូចជាខ្ញុំកញ្ជះវា នេះឯងជាគតិ នៃ​បុគ្គលពីរនាក់ ផ្លូវបែកជាពីរនេះ ត្រូវនាងទៅ​តាមផ្លូវមួយ អាត្មាទៅតាមផ្លូវមួយ នាងកុំ ហៅ​អាត្មា​ថាស្វាមី ទាំងអាត្មាក៏លែងហៅនាងថា បជាបតីទៀតដែរ។
ព្រះនាងសីវលី ទ្រាំពុំបានក៏ប្រកាន់យកផ្លូវខាងឆ្វេង ទ្រង់ព្រះវិយោគសោកសង្រេង វង្វេង​ព្រះស្មារតី ក្សត្រីក៏​ងាកមក​ជួបនឹងស្វាមីវិញដដែល។
ព្រះពោធិសត្វ ទ្រង់យាងចូលទៅកាន់ថូណនគរ ដើម្បីបិណ្ឌបាត បានឃើញជាង​ព្រួញ​ម្នាក់ កំពុងដៅ​ព្រួញ​មួយ​លើរងើកភ្លើង លើកឡើងធ្មេចសំងេវភ្នែកម្ខាង សំឡឹងមើល រំពត់​ព្រួញ​ដោយ​ភ្នែកម្ខាងក៏ទ្រង់ព្រះបុច្ឆាថា ហេតុអ្វីក៏​អ្នកធ្នេចភ្នែកម្ខាងសំឡឹងមើលព្រួញ វៀច? អ្នក​មើល​យ៉ាងនេះស្រួលឬ?
ជាងព្រួញថា បពិត្រសមណៈ ការមើលដោយភ្នែកទាំងពីរឃើញទីធំទូលាយណាស់ ពុំ​អាច​ដឹងជាព្រួញវៀច​ត្រង់​ណា ជាប្រាកដទេ លុះតែធ្មេចភ្នែកម្ខាង សំឡឹងមើលរំពត់វា ដោយ​ភ្នែក​ម្ខាង ទើបដឹងជាព្រួញវៀចត្រង់​នេះ​ត្រង់​នោះ បុគ្គលមានគ្នាជាគម្រប់ពីរ រវល់តែ ជជែកគ្នា រក​មាគ៌ាដ៏ត្រង់ពុំឃើញទេ ព្រះអង្គជាអ្នកប្រាថ្នានូវឋានសួគ៌ សូមទ្រង់​ពេញ​ព្រះហ ឫទ័យ​ចំពោះ​ភាពនៃបុគ្គលម្នាក់ឯងចុះ។
ព្រះពោធិសត្វទ្រង់សណ្តាប់ពាក្យដូច្នេះ លុះសន្សំមិសកភត្តបានល្មមមួយចម្អែត ទើប​ទ្រង់​ចេញទៅធ្វើកត្តកិច្ច​ត្រង់ទីមានទឹក និងម្លប់ដ៏សប្បាយ។ ឯព្រះនាងសីវលី និងយោធាទាំង​ឡាយ​ក៏ស៊ូតែតាមពុំព្រមត្រឡប់។ លុះដល់ដង​ព្រៃ​មួយ ព្រះអង្គដកស្មៅយាប្លងមក ក្តិច​មួយ​កំណាត់​ប្រវែងមួយថ្នាំង សុលបញ្ចេញស្នូលមកខាងក្រៅ ហៅព្រះនាង​សីវលីមក បញ្ជាក់ថា “នាង​ឮឬទេ សម្តីដែលជាងពត់ព្រួញនិយាយព្រឹកមិញ នាងឯង និងអាត្មាត្រូវតែ ឃ្លាតគ្នា បញ្ចូល​គ្នា​វិញមិនកើត ដូចជាស្នូលយាប្លងនេះ ផ្លូវបែកជាពីរនេះ​ ចូរនាងនៅម្នាក់ ឯងចុះ ដូច​ស្មៅ​យា​ប្លង ដែលអាត្មា​ដក​ហើយ​នេះ “ ថាតែប៉ុណ្ណេះ ក៏គេចចូលព្រៃស៊ុបទ្រុប បំបាត់​ព្រះ​អង្គ​បាត់​ទៅ។
​ព្រះនាងសីវលី ពុំអាចទប់ទល់នូវព្រះសំណោក ទ្រង់ព្រះវិយោគសោកា លើកព្រះ​ហត្ថា​គក់ព្រះឱរា ទ្រង់​បរិទេវនា​ការបម្រះននៀល គ្រាតែសន្លប់បាត់ព្រះស្មារតី។ ពួកនាហ្មឺន សព្វ​មុខមន្ត្រីភ័យរចល់រវល់តែរកព្រះសុគន្ធវារី មកប្រោះ​ស្រប់ជប់ចាប់សព្វព្រះអង្គា ទំរាំ​ព្រះ​នាង​​ទ្រង់ភ្ងារសួររកព្រះភស្តា ក៏ឥតនរណាដឹងជាព្រះអង្គយាងទៅខាង​ណា​សោះ​ អស់ក្តី​សង្ឃឹម​​ត្រឹមប៉ុណ្ណោះ។
ព្រះនាងសីវលីរាជពនិតា ទ្រង់ចាត់ការឲ្យសាងចេតីយ៍អនុស្សាវរីយ៍ត្រង់ទីដែលបាត់ ព្រះ​​អ​ង្គ ហើយទ្រង់​ធ្វើ​សក្ការ​​បូជា រួចត្រឡប់មកវិញ។
ចំណែកខាងព្រះពោធិសត្វ ចូលបាត់ទៅក្នុងព្រៃហេមពាន្ត មិនយូរប៉ុន្មាន ក៏បាននូវ​ អភិញ្ញា និងសមាបត្តិ ក្នុងរវាង​មួយសប្តាហ៍លែងយាត្រាមកកាន់ផ្លូវមនុស្សសោះ។ ឯ​ព្រះ​នាង​ទេវី និងបរិពារទាំងអស់ ចាត់ការកសាងព្រះចេតីយ៍​អនុស្សាវរីយ៍​ត្រង់ទី ដែល​ព្រះ​អង្គ​សន្ទនាជាមួយនឹងជាង​ពត់​ព្រួញមួយ ត្រង់កន្លែងដែលព្រះអង្គឆាន់សាច់សល់ពីឆ្កែ​មួយ ត្រង់​​​កន្លែង​ដែលព្រះអង្គសន្ទនាជាមួយនឹងមិគាជិនតាបសមួយ ត្រង់កន្លែងដែលព្រះ​អង្គ​សន្ទ​នា​ជា​មួយនឹងនារទ​តាបស​មួយ​ ទ្រង់ធ្វើសក្ការបូជាព្រះចេតីយ៍ដោយទៀនធូប ភ្ញី​ផ្កា​ជា​មហោឡារិក ហើយទ្រង់ចាត់ការរៀបពិធីអភិសេក​ព្រះទីឃាវុកុមារ ឲ្យសោយរាជ្យត ពីព្រះ​បរ​ម​រាជ​បិតា ទើបព្រះនាងទ្រង់ព្រះផ្នួសជាឥសី គង់នៅក្នុងព្រៃអម្ពវ័ន​រាជ​ឧទ្យាន ញ៉ាំង​ឈាន​ឲ្យ​កើត​ឡើង ទ្រង់គង់នៅដរានជីវិតាវសាន បានទៅកើតក្នុងព្រហ្មលោក។ ឯព្រះបរម​ពោធិ​សត្វ​ឋិត​​នៅក្នុងព្រៃហេមពាន្ត ដរាបដល់ជីវិតបរិយោសានបានទៅឧប្បត្តិ​ក្នុង​ព្រហ្ម​លោក​នាយ​ហោង​។
            ព្រះសម្ពុទ្ធបរមសាស្តាចារ្យ ទ្រង់នាំព្រះធម៌ទេសនានេះមកសម្តែងហើយ ទ្រង់មាន ព្រះ​ដីកាថា​ “ម្នាលភិក្ខុទាំង​ឡាយ មិនត្រឹមតែក្នុងកាលឥឡូវនេះទេ​ ពីដើមមក តថាគតចេញ ទៅ​កាន់មហាភិនិស្រ្កមណ៍យ៉ាងនេះឯង ទើប​ព្រះ​អង្គ​ទ្រង់ប្រជុំជាតកថា ព្រះឥន្ទក្នុងគ្រា​នោះ គឺជា​ភិក្ខុអនុរុទ្ធ ក្នុងកាលឥឡូវនេះ ព្រហ្មណ៍ទិសាបាមោក្ខ គឺជាភិក្ខុកស្សប ទេវតា​រក្សា សមុទ្រ គឺជាភិក្ខុនី ឧប្បលវណ្ណា នារទតាបស គឺជាភិក្ខុសារីបុត្រ មិគាជិនតាបស គឺជាភិក្ខុ​មោគ្គល្លាន នាង​កុមារិកា​ គឺជាភិក្ខុនី​ខេមា​ ជាងព្រួញ គឺជាអានន្ទ បរិស័ទក្រៅពីនេះ​ គឺជាពុទ្ធ បរិស័ទ នាង​សីវ​លី គឺជាមាតានៃរាហុល ទីឃាវិកុមារ​ គឺជារាហុល ព្រះរាជមាតាបិតា គឺជា មហារាជត្រកូល ឯ​ព្រះ​នរិន្ទមហាជនក គឺជាអង្គអញតថាគត​ជាសម្មាសម្ពុទ្ធ​ហ្នឹងឯង​ហោង​។
 (ចប់មហាជនកជាតក ដោយសង្ខេប)
វាយអត្ថបទដោយនិស្សិត ហ៊ុន ឈុនតេង,​ ម៉ៅ ឌឹម


[1] សាស្ត្រាស្លឹករឹតខ្មែរបុរាណលេខបញ្ជី៧៣២ ដែលវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យបានមកអំពីខេត្តសៀមរៀបពីព.ស.​២៤៧២មាន​របៀបពាក្យ​ដូចត​ទៅនេះ ៖ (ខ្សែ១) រីអស់ឈ្មួញផងទាំងឡាយ រមិលមើលសំពៅហៀបទៀបនឹងលិចទៅនាកណ្ដាលសមុទ្ទដូច្នោះ​កូវ សឹងទ្រហោយំលើកដៃដំទ្រូងសំបូងសង្រូងអស់ទេវតារទាំងឡាយ សូមមានជីវិតរស់ទីទៃៗ ក៏ហេតុរឹតភិតខ្លាចនឹងភ័យស្លាប់​នោះមហិមា នឹងទប់ទល់តម្កល់អាត្មាពុំបានឡើយ ភ្លេចភ្លាំងស្មារតី ម្នីម្នាស្ទុះលោតប្រសាចអំពីសំពៅទៅកណ្ដាលសមុទ្ទនោះ។ រី​អស់ត្រីឆ្លាម មករ ពិនទង ក្រពើ អណ្ដើកផងទាំងឡាយ វាខំពាំប្រញាយនាំទៅឆីជាចំណីអាហារ ដ៏មានឈាមនោះរន្ទាលពាស​ពេញដាសទាំងមហាសមុទ្ទ។ រីឯពោធិសត្វមហាបុរសរ័ត្ននោះសោតព្រះអង្គពុំផិតខ្លាចឡើយ ទ្រង់ផ្ចង់ស្មារតីនោះខ្ជាប់មហិមាក្រៃ​មិនសំពះសំបូងសង្រូងទេវតាដូចអស់ឈ្មូញផងទាំងឡាយនោះឡើយ ព្រះអង្គយកតែប្រេង សប្បិ នូវខណ្ឌស្ករា​ប្រឡាក់នឹងភោ​ជនាហារ សោយឆ្អែតស្រេចហើយ ទើបព្រះអង្គយកព្រះអង្គយកព្រះពស្ត្រពីរជ្រលក់ដោយប្រេង​ចន្ទន៍​ ព្រះពស្ត្រមួយនោះ ព្រះអង្គ​ទ្រង់ ព្រះពស្ដ្រមួយនោះព្រះអង្គក្រវាត់វ័ណ្ឌលោនខ្ជាប់ស្រេចហើយ ព្រះអង្គលីលាទៅឡើងដើមក្ដោងទតមើលអស់ទិសទាំងពួង​ ទិស​ឯណានឹងទៅមិថិលាមហានគរនោះមិញ ព្រះអង្គកត់សម្គាល់ទិសនោះជាក់ច្បាស់ប្រាកដស្រេចហើយ ព្រះអង្គស្ទុះលោតអំពី​ចុងក្ដោងរំលងអស់ត្រីឆ្លាម មករ ពិនទង ក្រពើ អណ្ដើកផងទាំងឡាយហើយហែលទៅ។កាលថ្ងៃដែលពោធិសត្វធ្លាយសំពៅ​ហែលនៅកណ្ដាលសមុទ្ទនោះ ព្រះបាទបោលជនកនោះមិញសុគតល្មមព្រមថ្ងៃមួ​យនឹងពោធិសត្វធ្លាយសំពៅនោះហោង។ ចាប់​ដើមអំពីថ្ងៃនោះទៅ ព្រះមហាសត្វហែលកណ្ដាលសមុទ្ទអស់៧ថ្ងៃ ហេតុតែព្រះមានបារមីឫទ្ធានុភាព ក៏ទ្រង់ប្រកបដោយកម្លាំង​នោះច្រើន ទោះជាព្រះអង្គហែលជាគម្រប់៧ថ្ងៃដល់ម្ល៉ោះក្ដី ក៏កម្លាំងព្រះអង្គគង់កំណត់ដដែល។ ព្រះអង្គហែលបណ្ដើរ ងើបរមិល​មើលទៅកណ្ដាលអាកាសបណ្ដើរ ឃើញព្រះចន្ទ្រពេញបូណ៌មីមូលដូច្នោះហើយ ទ្រង់ពិចារណាថា​ ឱថ្ងៃនេះអើយ ជាថ្ងៃឧបោសថ​សីលប្រសើរណាស់ហើយហៈនុ ព្រះអង្គទ្រង់ពិចារណានូវប្រការអម្បាលនោះហើយ ស្ដេចយកទឹកប្រៃលាង​ព្រះឱស្ឋស្រេចបរិ​បូណ៌ ពុំយូរឡើយព្រះអង្គអធិដ្ឋានសីល ទ្រង់សីលបរិសុទ្ធប្រពៃ នៅឰដ៏កណ្ដាលមហាសមុទ្ទនោះហោង។ល។
[2] សាស្ដ្រាស្លឹករឹតដដែលថាៈ នាងមណីមេខលាទេពធីតារក្សាមហាសមុទ្ទហោះឆ្ពោះទៅត្រង់ពោធិសត្វហើយ នាងឋិតនៅឰដ៏អាកាស ទើបនាងដណ្ដឹងទៅកាន់ពោធិសត្វថា ភោបុរិស ហៃបុរសអើយ ត្វំ រីអ្នក កោ នាម ឈ្មោះអ្វី វាយមសិ មកធ្វើពិធីព្យាយាមហែល សមុទ្ទមជ្ឈេ ឰដ៏កណ្ដាលមហាសមុទ្ទនេះអ្ហិះ សមុទ្ទនេះធំធេងមិនយល់ត្រើយ អ្នកឃើញប្រយោជន៏ដូចម្ដេច បានជាខំ(ឆ្លង)​ហែលដល់ម្ល៉េះអ្ហិះ។ លំដាប់នោះពោធិសត្វអ្នកស្ដាប់ពាក្យនាងទេពធីតាស្រដីនូវប្រការអម្បាលនោះហើយ អ្នករំពឹងគិតថា នាំអញហែលទឹកសមុទ្ទជាគម្រប់៧ថ្ងៃនេះហើយ ឥតមានអ្នកឯណាមួយជាគម្រប់ពីរនឹងអញឡើយ ឥឡូវនេះមានអ្នកឯណាមកស្រដីនឹងអញនេះអេះ? ពោធិសត្វគិតនូវប្រការអម្បាលនោះហើយ ព្រះអង្គឆ្មៀងរមិលមើលនៅនាកណ្ដាលអាកាសនោះកូវ យល់នាងទេពធីតាហើយព្រះអង្គបន្ទូលឆ្លើយទៅវិញថា ទេវតេ ហៃនាងទេពធីតាអើយ នាអញសង្វាតហែលទៅកណ្ដាលសមុទ្ទនេះ ពុំគតិអំពើឡើយ។ នាងទេពធីតាស្ដាប់ព្រះបន្ទូលព្រះពោធិសត្វមហាបុរសរ័តន៍ប្រសើរនូវប្រការអម្បាលនោះហើយ ហេតុតែនាងចង់ស្ដាប់នូវធម៌នៃពោធិសត្វ ក៏និយាយថា អ្នកមិនឃើញត្រើយផង ដូច្នេះការព្យាយាមរបស់អ្នកជាការសោះសូន្យទទេ អ្នកមិនដល់ត្រើយទេ មុខជាស្លាប់ក្នុងទឹកនេះមិនខាន។ លំដាប់ពោធិសត្វបន្ទូលឆ្លើយវិញថាៈ ម្នាលទេពធីតាបុគ្គលណាមិនប្រឹងរក្សាជីវិតខ្លួនឯង បែរជាអំពាវនាវឲ្យគេជួយជីវិតទៅវិញ ថែមទាំងបន្ថយសេចក្ដីព្យាយាមផង បុគ្គលនោះគង់ដឹងនូវផលនៃសេចក្ដីខ្ជិលមិនខាន ម្នាលទេវតា ក្រែងនាងបានឃើញដែរ​ឬ មនុស្សមួយសំពៅលិចបាត់ទៅ នៅតែខ្ញុំហែលមក, បើមិនបានផលអ្វី ក៏បានត្រឹមតែការជួប​នឹងនាងដែរ ខ្ញុំនឹង​ព្យាយាម តាមសមគួរដល់ការអាច តាមសមគួរដល់កម្លាំង បើភព្វមាន បាន​ដល់ច្រាំង ខ្ញុំនឹ​ងធ្វើនូវ​សេចក្ដី​ព្យាយាម​ដែរបុរស​គួរ​ធ្វើទៀត។ល។ នាងមណីមេខលាទេពតារក្សាសមុទ្ទស្ដាប់ពោធិសត្វមានព្រះបន្ទូលជាក់ដោយនូវប្រការអម្បាលនោះហើយ នាងសរសើរ... នាងហោះផ្លោះចុះមកបីត្រកងដាក់លើឱរា នាំទៅតម្កល់លើថ្មមង្គលសិលា នៅនាក្រោមដើមស្វាយ ឲ្យទេពធីតា​ទាំងឡាយថែរក្សាពោធិសត្វនៅនាឋាននោះហោង។
[3] សាស្ដ្រាស្លឹករឹតបុរាណដដែលថាៈ ស្ដេចលីលាឡើងទៅគង់លើគ្រែបល្ល័ង្គរ័ត្ន អ្នកប្រដាប់នីទៅនូវស្វេតច្ឆ័ត្ររ័ត្នប្រពៃស្រេចហើយនៃ ទើបស្ដេចយកព្រះខ័នហុចទៅឲ្យនាងសីវលីទទួលនាំទៅដាក់ខាងស្ដាំហើយនៃ ទើបដោះព្រះម្កុដហុចទៅ នាងទទួលនាំទៅដាក់ឯក្បាលដំណេក ស្រេចទើបហុចព្រះសុពណ៌បាទុក នាងទទួលទៅដាក់ខាងចុងព្រះបាទ ស្អាតហើយទើបស្ដេចមានព្រះបន្ទូលទៅនឹងអស់មុខមន្ដ្រីអាមាត្យផងទាំងឡាយថា ម្នាលអ្នកទាំងឡាយអើយ នាគ្រែរតនបល្ល័ង្គដឹងជាក្បាលដេក ចុងជើងឆ្វេង ស្ដាំ ស្រេចហើយ តើអ្នកទាំងឡាយសម្ដែងអ្វីមកវិញទៀត។ល។
[4] សម្បត្តិខាងក្នុងរបស់ព្រះអង្គគឺ​ សីល សមាធិ បញ្ញា។

ឧបសគ្គ

ឧបសគ្គ

នៅក្នុងវចនានុក្រមខ្មែរ ទំព័រទី១៨០៧ បញ្ជាក់ថា “ព.វ. ឈ្មោះសព្ទពួកមួយ សម្រាប់​ប្រើ​ចំពោះ​តែ​ជា​បុព្វ​បទ​រៀងភ្ជាប់​ពី​ខាង​ដើម​នាមមសព្ទ និងកិរិយាសព្ទតាមគួរដល់ការប្រកប,​ដូច​​​ជា អតិ , អនុ, អភិ ជា​ដើម​..​.”​។ ឧបសគ្គទាំងនេះគ្មានក្នុងភាសាខ្មែរទេ វា​មាន​​​ប្រភព​មក​ពី​ ភា​សា​សំស្រ្កឹត-បាលី។ នៅក្នុងភាសាសំស្រ្កឹត-បាលី​មានឧបសគ្គចំនួន ២០ ៖

-       អតិ កន្លង, ក្រៃ, ក្រៃពេក, ពេក...។
-       អធិ ក្រៃលែង, ក្រៃពេក, លើសលប់, លើសលែង, សង្កត់...។
-       អនុ តាម, តូច, បន្ទាប់, រង,​ ក្រោយ, បណ្ដោយ, លំដាប់...។
-       អប ប្រាស,​គេច,​ ជៀស...។
-       អបិ ឬបិ ជិត, ខាងលើ...។
-       អភិ ក្រៃពេក,​ ធំ,​​ ចំពោះ, ឆ្ពោះ, ខាងមុខ...។
-       អវ ឬឱ ចុះ, ចុះក្រោម, ទាប,​ ស្រេច...។
-       អា ទួទៅ, សព្វ, ក្រៃលែង...។
-       ឧ ឡើង, ខ្ពស់, ក្រៅ...។
-       ឧប ជិត, ចូល, ចូលទៅជិត,​ មាំ, ស៊ប់...។
-       ទុ អាក្រក់, ក្រ, កម្រ, លំបាក(ពិបាក)...។(សំ.​ ទុស៑ ឬទុហ៑) 
-       និ ចេញ, មិនសល់, មិនមាន, ឥត...។(សំ. និស៑ ឬនិហ៑) 
-       នី ចេញ, ចូល​, ចុះ...។
-       ប ទួទៅ,​​​ ខាងមុខ, ចេញ, មុន...។(សំ. ប្រ)
-       បដិ ឬបតិ ចំពោះ, តប, ត, ប្រាស, ត្រឡប់...។(សំ.ប្រតិ)
-       បរា ខាងមុខ...។
-       បរិ ជុំ, ជុំវិញ, គ្រប់គ្រាន់, ស្រេច...។
-       វិ ផ្សេង, ប្លែក, ច្បាស់, ជាក់, ប្រាកដ...។
-       សំ ព្រម, ជាមួយ, ល្អ, ប្រពៃ...។
-       សុ ងាយ,​ ស្រួល, ស្រណុក, ល្អ, ប្រពៃ, ណាស់, ម្ល៉េះ, អ្វីម្ល៉េះ...។

ឧបសគ្គ “អតិ”
-       អតិកល្យាណ មានលម្អក្រៃពេក (បើស្ត្រីជា​​ អតិកល្យាណី)។
-       អតិចរិយា ការប្រព្រឹត្តកន្លង,​ ការផិតក្បត់ចិត្តស្វាមី ឬក្បត់ចិត្តភរិយា។
-       អតិចារិនី ស្រីផិតប្តី។
-       អតិជាតិបុត្ត(-បុត្រ) កូនប្រសើរកន្លង។
-       អតិទេព ទេវតាសក្តិធំ។
-       អតិបរមា កម្រិតយ៉ាងច្រើន, យ៉ាងខ្ពស់, យ៉ាងឆ្ងាយបំផុត, យ៉ាងច្រើនបំផុត...។
-       អតិសុខុមទស្សន៍ ប្រដាប់សម្រាប់ឆ្លុះមើលនូវអតិសុខុមប្រាណ។
-       អតិសុខុមប្រាណ សត្វមានជីវិតយ៉ាងតូចល្អិតជាទីបំផុត ដែលគេអាចមើលឃើញ​បានតែដោយសារអតិសុខុមទស្សន៍។
-       អតិសុខុមសាស្ត្រ វិទ្យាសាស្ត្រផ្នែកខាងការសិក្សាពីអតិសុខុមប្រាណ។
-       អតិសុខុមាល  ដែលធ្លាប់តែស្រណុកក្រៃពេក។

ឧសគ្គ “អធិ”
-       អធិការ ការបំពេញកុសលដ៏ក្រៃលែង (មហាបរិច្ចាគ), អំណាច, សិទ្ធិ ឬសិទ្ធភាព​, ការ​គ្រប់​គ្រង​, ការបង្គាប់បញ្ជា, បញ្ជាការ...។
-       អធិរាជ ព្រះរាជាជាចម្បងជាងព្រះរាជាទាំងឡាយក្នុងប្រទេសជិតខាង, មហារាជ​បើស្ត្រីជា អធិរាជិនី។
-       អធិបតី អ្នកដែលជាធំ, ដែលជាធំបំផុត, ប្រសើរបំផុត។
-       អធិគុណ ដែលមានគុណលើសលុប ឬច្រើនក្រៃលែង។
-       អធិសីល សីលយ៉ាងខ្ពស់។

ឧបសគ្គ “អនុ”
-       អនុក្រម លំដាប់, របៀបតាមលំដាប់, លំដាប់មានរបៀប។
-       អនុគណ គណៈបន្ទាប់​, គណៈរង, គណៈតូច។
-       អនុគ្រោះ ការជួយទំនុកបម្រុង, ករុណា, ទំនុកបម្រុង, អាណិត។
-       អនុជាតិបុត្ត(-បុត្រ) បុត្រដែលមានចរិយាធម៌ល្អតាមបែបបទរបស់មាតា​បិតា​បើស្ត្រីជា​​ អនុជាតិ​បុត្តី​(-បុត្រី)។
-       អនុត្ថេរ ថេរៈបន្ទាប់, ថេរៈតូច។
-       អនុបាល តាមរក្សា, បីបាច់រក្សា, អ្នកបីបាច់រក្សា។
-       អនុព័ន្ធ ការជាប់តាម, ដំណើរតាមប្រកិត។
-       អនុរក្ស ឬអនុរក្ខ រក្សារឿយៗ, បីបាច់រក្សា, ថែទាំ, ការរក្សារឿយៗ, ការរំពៃ, ការ​គយ​ឃ្លាំ​មើល​, ជនអ្នកថែទាំមើលការខុសត្រូវ, អ្នកគយគន់រំពៃ។
-       អនុសេនីយ៍ត្រី ឋានន្តរសក្ដិនាយទាហានបន្ទាប់ពីអនុសេនីយ៍ទោ(សក្តិ១)។

ពាក្យសព្ទ “អនុ”​នេះមានប្រើជាច្រើនទៀត ដូចមានកាព្យខាងក្រោមបញ្ជាក់ស្រាប់៖
-       អនុសព្ទនេះ               អស់លោកអ្នកចេះ              តន្តីភាសា
    អាចផ្សំជាមួយ-           នឹងសព្ទនានា                    ឲ្យច្រើនមហិមា
ជាងនេះទៀតបាន។
-       ជាបុព្វបទ                  អ្នកប្រាជ្ញកំណត់                តាមដោយលំអាន
     ពាក្យដែលគួរផ្សំ           ច្រើនទៀតនៅមាន           អ្នករៀនចូរមាន
ផ្សំចុះតាមគួរ។(វចនានុក្រមខ្មែរ)

ឧបសគ្គ “អប”
-       អបករណ៍ ដំណើរប្រាសចាកអំពើ គឺការប្រព្រឹត្តមិនល្អ,​ ការឥតតម្លៃ, អំពើមិន​ប្រសើរ, ការ​ធ្វើ​ខុស​, កំហុស។
-       អបគមន៍ សេចក្តីព្រាត់ប្រាសគ្នា​, ការបែកចេញពីគ្នា។
-       អបច្ឆាយ ដែលមិនមានស្រមោល, ដែលឥតម្លប់។
-       អបទេវតារ បិសាច។
-       អបធន អបទ្រព្យ, អ្នកទ័លក្រ, អ្នកកម្សត់, ទុគ៌ត។
-       អបមង្គល គឺដែលឥតមង្គល, ឥតសេចក្តីចម្រើន, ដែលមិនសមភ្នែកអ្នកផង,​ដែលត្រូវចង្រៃរួបរឹត​,​ សេចក្ដីមិនចម្រើន, ហេតុដែលនាំឲ្យវិនាស។
-       អបយស ដែលប្រាសចាកយស គឺដែលខូចឈ្មោះ, ដែលឥតគេរាប់, ដែលអាប់មុខ។
-       អបលក្ខណ៍ឬអបលក្សណ៍ ដែលប្រាសចាកលក្ខណល្អ គឺដែលឥតលក្ខណ៍​, ហិនលក្ខណ៍, ខាតលក្ខណ៍, ឥតបុណ្យ, សំណាងអាក្រក់, ឥតតម្លែ, ថោកទាប។
-       អបសក្តិ ដែលឥតសក្តិ(ឥតអំណាច)

ឧបសគ្គ “អភិ”
-       អភិបូជា បូជាចំពោះ, ការថ្វាយ​ ឬជូនគ្រឿងសក្ការៈដោយគោរព។
-       អភិយោគ ការព្យាយាមខ្លាំង, ការប្រឹងពេញកម្លាំង។
-       អភិរក្ខ ឬអភិរក្ស រក្សាដោយប្រយត្ន, ការរក្សាដោប្រយត្ន។
-       អភិរូប មានរូបល្អ, មានលម្អ បើស្រ្តីជាអភិរូបា។
-       អភិសិទ្ធ សេចក្ដីសម្រេចសព្វគ្រប់ ឬដាច់ខាត។
-       អភិហារ ការដណ្ដើម ឬការឆក់យកឥវ៉ាន់, ការតស៊ូពេញកម្លាំង។
-       អភិបាល អ្នកគ្រប់គ្រង, អ្នកបីបាច់ថែរក្សា, អ្នកថែរក្សា, ការគ្រប់គ្រង..​..
-       អភិវឌ្ឍន៍ សេចក្តីចម្រើនក្រៃលែង។

ឧបសគ្គ “អវ ឬឱ”
-       អវតារ ដំណើរឆ្លងចុះ, ចុតិនៃទេវតារ,​ការចុះចាកឋានសួគ៌មកចាប់កំណើតជា​មនុស្ស, ការបែង​ភាគ​មកពីកើតនៃវិស្ណុ។
-       អវកាស​ ឬឱកាស ទីទំនេរ, ចន្លោះ, វេលា, សេចក្ដីអនុញ្ញាត្តឲ្យ។
-       អវសាន ឬឱសាន ទីបំផុត, ទីចប់, ចុងក្រោយ...។
-       ឱវាទ (បា.អវ>ឱ,សំ.អវវាទ) ដំបូន្មាន, អនុសាសន៍។
-       អវមង្គល (អពមង្គល) សេចក្តីមិនចម្រើន, ហេតុដែលនាំឲ្យវិនាស, ឲ្យអាប់ឱន។

ឧបសគ្គ “អា”
-  អាការ  គ្រឿងសម្គាល់, សឮលក្ខណៈជាគ្រឿងសម្គាល់។
អាគមន ដំណើរមក។
អាគតសញ្ញា សញ្ញានាំមក(<)។
អាគន្តុក អ្នកដែលទើបមកដល់ថ្មី។
-  អាឃោសន ការប្រកាសឲ្យឮសាយសុស, ការស្រែកប្រកាសឮខ្លាំងៗ។
-  អាជ្ញា អំណាច, ការគ្រប់គ្រង, ការបង្គាប់បញ្ជា...។

ឧបសគ្គ “ឧប”
-       ឧបករណ៍ សេចក្ដីទំនុកបម្រុង...។
-       ឧបការី អ្នកទំនុកបម្រុង...។
-       ឧបកិច្ច កិច្ចដែលត្រូវធ្វើភ្លាមៗ, កិច្ចផ្ទាល់ខ្លួន។
-       ឧបចារ ការចូលជិត, ទីជិត,...។
-       ឧបទិស ទិសកណ្ដាល គឺភាគកណ្តាលនៃទិសទាំង៨។
-       ឧបនាយក នាយកបន្ទាប់ ឬនាយករងពីមហានាយក ឬក៏អធិបតី។
-       ឧបនាយករដ្ឋមន្ត្រី អ្នកនៅជិតនាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីរង។
-       ឧបភោគ គ្រឿងសម្រាប់ប្រើប្រាស់ជិតខ្លួន។
-       ឧបមាតា ស្ត្រីជាមាតាចិញ្ចឹមរក្សា(ដូចម្តាយ)។
-       ឧបយុវរាជ ក្សត្រិយ៍ដែលកំពុងទ្រង់ព្រះយៅវ៍(ក្សត្រិយ៍កំលោះ)ដែលមានឋានៈ​ជាឧបរាជទី១ ឬ​ឧប​រា​ជស្ដាំ។

ឧបសគ្គ “ទុ”
-       ទុក្កដ(សំ.ទុស្រ្កឹត) អំពើអាក្រក់, បាប។
-       ទុច្ចរិត (សំ.ទុឝ្ចរិត) ដំណើរប្រព្រឹត្តអាក្រក់ដោយកាយ,​ វាចា,​ ចិត្ត។
-       ទុគ៌ត (បា.ទុគ្គត) ដែលដល់នូវសេចក្តីលំបាក គឺដែលទ័លក្រ, ដេលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ។
-       ទុច្ឆន្ទៈ ឆន្ទៈអាក្រក់, បំណង ឬគំនិតអាក្រក់។
-       ទុជ៌ន (បា.ទុជ្ជន) ជនអាក្រក់, ជនចិត្តអាក្រក់(មនុស្សចិត្តអាក្រក់)។
-       ទុព្ភាសិត (ទុភ៌ាសិត) សម្ដីអាក្រក់, ពាក្យគំរោះគំរើយ។
-       ទុយ៌ស(សំ.) ដំណើរខូចយស, ថ្លោះធ្លាក់យស។
-       ទុរ្ភិក្ស​(បា. ទុព្ភិក្ខ) ដមណើរក្របាយ, ដំណើរអត់បាយ ឬអត់ឃ្លាន។

ឧបសគ្គ “និ”
-       និព្វាន (សំ.និវ៌ាណ) ឈ្មោះធម្មជាតិ ឬចិត្តដែលចេញផុតស្រឡះចាកវានៈ គឺ​ឥត​មានតណ្ហា​ដែល​ចាក់​​ស្រេះទាក់ឆ្វាក់រួបរឹត...,ឋាននិព្វាន។
-       និប្បរិយាយ(សំ. និស្បយ៌ាយ)សេចក្ដីអធិប្បាយដោយត្រង់មិនផ្សែផ្សំ, សេចក្ដី​ពន្យល់​គ្រប់​គ្រាន់​។
-       និរន្តរ៍ (បា.) ដែលឥតចន្លោះ, ជានិច្ច,​ ឥតស្រាក, ឥតឈប់...។
-       និរន្តរាយ (បា.) ការមិនមានអន្តរាយ, ដំណើរដែលគ្មានគ្រោះថ្នាក់។
-       និរ​គុណ (សំ.,បា. និគ្គុណ) ដែលឥតគុណប្រយោជន៍។
-       និរ​ទុក្ខ (សំ. និទ៌ុះខ, បា. និទ្ទុក្ខ) ដែលឥតទុក្ខ, ឥតព្រួយ។
-       និរ​ទោស (សំ., បា. និទ្ទោស) ដែលឥតទោស, ដែលគ្មានកំហុស។
-       និរ​ភ័យ (សំ., បា.​ និព្ភយ) ដែលឥតភ័យ, ឥតខ្លាច។
-       និម្មិត (បា. , សំ. និម៌ិត) បង្កើតដោយឫទ្ធិ, កាឡាខ្លួន,​ ដំណែងខ្លួន។

ឧបសគ្គ “នី”
-       នីហរណ​កម្ម (បា.) ការនាំចេញ, ការដឹកនាំទំនិញទៅលក់ឯប្រទេសក្រៅ។
-       នីហរ័ណ (បា.) ការនាំទៅ, ការដឹកនាំចេញ...។

ឧបសគ្គ “ប”
-       បញ្ញា (បា., ប្រជ្ញា) សេចក្ដីដឹងទូទៅ, សេចក្ដីដឹងកើតអំពីការរៀន,​ ស្ដាប់, គិត, សូរ, ការដឹង​ច្បាស់​នូវសេចក្ដីពិត។
-       ប្រការ​ (សំ.,បា.​ បការ)​ ប្រភេទ, វិធី, បែប, ទំនង, សេចក្ដីដោយឡែក...។


ឧបសគ្គ “បដិ, បតិ ឬប្រតិ”
-       បដិ ឬបតិៈ ចំពោះ, តប, ត, ប្រាស, ត្រឡប់...។(សំ.ប្រតិ)
-       បដិកម្ម (បា., សំ. ប្រតិកម្ម) អំពើប្រឆាំង, អំពើតទប់, អំពើតតបត្រឡប់​មក​រក​វិញ​, ការរក​រឿង​ហេតុ​តបតមកវិញ។
-       បដិការ (បា.,​ សំ. ប្រតិការ) ការតបវិញ, អំពើតបតវិញ, ដំណើរធ្វើកិច្ចតប​ស្នង​​គុណ​, ការត​ប​ស្នង​សងគុណ។
-       បដិកូល (បា.,​​​សំ.ប្រតិកូល) ដែលផ្ទុយគ្នា, ដែលជាទំនាស់នឹងគ្នា, ដែល​ខុស​គ្នា​...។
-       បដិគ្គាហក (បា., សំ. ប្រតិគ្រាហក) អ្នកទទួលយកទាន(ស្មូម)។
-       ប្រតិជ្ញា (សំ.,បា. បដិញ្ញា) ការកំណត់ពាក្យសម្តីឲ្យដឹងគ្នា​ទៅវិញទៅមក​ដោយ​ប្រាកដ​ប្រជា, ការ​បត់​គ្នា, ខសន្យាគ្នា។
-       បដិលោម(បា.,សំ.ប្រតិលោម)ដែលច្រាសឡើងវិញ, ដំណើរច្រាសមកវិញ, ដំណើរ​ទទឹង​ទាស់​។
-       បដិវត្ត (បា.) ប្រព្រឹត្តប្រឆាំង, បង្វិលត្រឡប់, ប្រែប្រួល, កែប្រែ, ផ្លាស់ប្តូរ។

ឧបសគ្គ “បរា”
-       បរាជ័យ ការចាញ់, ដំណើរចាញ់គេ។
-       បរាភព សេចក្ដីវិនាស, សេចក្ដីហិនហោច​។ បរាភវសូត្រ(​-សូត្ត)
-       បរាមុខ បង្អាប់មុខ, ធ្វើឲ្យអាប់មុខ, អាប់មុខអាប់កេរ្តិ៍ឈ្មោះ។

ឧបសគ្គ​ “បរិ”
-       បរិជន ជននៅជិតខាង, បរិពារ, អ្នកនៅភូមិផងរបងជាមួយ,​បរិស័ទ, គ្នីគ្នា។
-       បរិច្ចាគ ការលះ, ការលះទ្រព្យ, ការចំណាយទ្រព្យធ្វើទាន ឬធ្វើអ្វីមួយឲ្យ​មាន​ប្រយោជន៍​ក្នុង​ស្រុក ក្នុងនគរ។
-       បរិមណ្ឌល វង់មូល, អ្វីៗដែលមានសំណុំមូល។
-       បរិវារ អ្នកចោមរោមកំដរ, អ្នកហែហមជាកិត្តិយស, អ្នកត្រៀមខ្លួនរង់ចាំបម្រើ។
-       បរិវេណ ទីជិតខាងដែលព័ទ្ធជុំវិញ, រោងថែវដែលព័ទ្ធជុំវិញប្រាសាទ ​ឬគ្រឹហាជា​ដើម។
-       បរិសុទ្ធិ សេចក្ដីស្អាត, ដំណើរឥតហ្មង, ឥតមោះមៃ។

ឧបសគ្គ “វិ”
-       វិការ ការធ្វើប្លែកចាកប្រក្រតីដើម, ការផ្លាស់ប្រែ, ការផ្លាស់រូប, ផ្លាស់ទំនង។
-       វិកាល ខុសកាល។
-       វិក្រម (វិក្កម) ការឈានទៅ, ជំហាន, ដំណើរបោះជំហានទៅ, ការដើរ, ការទៅ,​ការដើរ, ការ​ទៅ​, ការកម្រើកឃ្លាតចាកទី, ផ្លូវ, បែបយ៉ាង។
-       វិចល ដែលកម្រើក, កក្រើក, ឃ្លាតចាកទី, ដែលញាប់ញ័រ, ​ចំប្រប់,​រន្ធត់។
-       វិចិន្តា ការនឹកឃើញផ្សេងៗ, ការនឹកផ្ដេសផ្ដាស, សេចក្តីរវើរវាយចិត្ត, សេចក្តី​អផ្សុក។
-       វិជយ ការឈ្នះវិសេស, ដំណើរឈ្នះស្រេចបាច់(ពិជ័យ)។
-       វិនយ ការដឹកនាំទៅរកផ្លូវល្អ, ច្បាប់...។
-       វិនាយក អ្នកនាំវិសេស គឺអ្នកដឹកនាំគេឲ្យប្រព្រឹត្តល្អ, អ្នកប្រាប់ផ្លូវខុសត្រូវ។

ឧបសគ្គ “សំ”
-       សង្គម ការជួបជុំគ្នា, ការប្រជុំគ្នា, ការរាប់រកគ្នា, ការប្រមូលរួបរួមផ្ដុំមនុស្សឬសត្វ។
-       សំច័យ សន្សំទុកខ្លះបម្រុងការ, ប្រើការក្បិតក្បៀតការពារសេចក្ដីខ្វះខាត...។
-       សំយោគ ការប្រកប, ការផ្សំ, ការរួបរួម,​ ការទាក់ទងជាមួយ, ការនៅរួមគ្នា។
-       សំរឹទ្ធ សេចក្តីសម្រេច, សេចក្តីចម្រើន, ការលូតលាស់, ដុះដាល, ផលសម្រេច។
-       សមាគម ការមកជួបជុំ, ការប្រជុំ, ការរួមគំនិត, ដំណើររួបរួមកិច្ចការជាមួយគ្នា។
-       សមាចារ មារយាទល្អ, មារយាទត្រឹមត្រូវ, រៀបរយ...។
-       សមាទាន ការកាន់ដោយប្រពៃ, ការទទួលកាន់តាម, ការបញ្ជេញវាចាប្តេជ្ញា​ទទួល​កាន់តាម។

ឧបសគ្គ “សុ”
-       សុក្រឹត ដែលគេធ្វើហើយដោយល្អ, ដែលល្អឥតខ្ចោះ, ឥតទាស់ភ្នែក។
-       សុគត ទៅហើយដោយស្រួលឬដោយប្រពៃ។
-       សុគតិ ដំណើរល្អ, ការទៅដោយល្អ(ចំពោះអ្នកស្លាប់កើត), ការប្រព្រឹត្តត្រូវផ្លូវ។
-       សុចរិត ការប្រព្រឹត្តល្អ។
-       សុជន ជនល្អ, មនុស្សអ្នកប្រព្រឹត្តល្អ, អ្នកកាន់កាន់ត្រឹមត្រូវ, មនុស្សចិត្តល្អ។
-       សុជាត ដែលកើតល្អ,​ ដែលដុះល្អ, ដែលលូតលាស់ល្អ។
-       សុផល ផលល្អ, ផ្លែល្អ។
-       សុវណ្ណ មាស។

ឯកសារយោង
-កច្ចាយនូបត្ថម្ភកៈ
-វេយ្យាករណ៍សំស្ក្រឹត
-វចនានុក្រមខ្មែរ

                 ​​   ផ្ទះជួលរាធានីភ្នំពេញ, រាត្រីម៉ោង១០និង១២នាទី, ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០០៩

                                                                                                    ហ៊ុន ឈុនតេង